
ភ្នំពេញ៖ នៅក្នុងឱកាសត្រួតពិនិត្យការហ្វឹកហ្វឺនកងកម្លាំងកងពលតូចលេខ៧០ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានមានប្រសាសន៍ថា ការងារហ្វឹកហ្វឺននេះ បានដើរតួនាទីយ៉ាងសំខាន់សម្រាប់កងទ័ព ដើម្បីលើកកម្ពស់ចំណេះដឹងឲ្យកាន់តែរីកចម្រើនមួយកម្រិតថែមទៀត។ ក្នុងន័យនេះ លោកបានបញ្ជាក់ថា ផែនការហ្វឹកហ្វឺន បានបន្តជំរុញឲ្យយោធិនមានសមត្ថភាព គុណភាព និងបង្កើនចំណេះដឹងដល់កងទ័ពឲ្យបានយល់ដឹងកាន់តែច្បាស់ ស្ទាត់ជំនាញ ជាពិសេស ដើម្បីឲ្យយោធិន បង្កើននូវសមត្ថភាព ពង្រីកចំណេះដឹងរបស់កងទ័ពទៅតាមភូមិសាស្ត្រ គ្រប់ប្រភេទជំនាញ ដែលអាចឆ្លើយតបនឹងតម្រូវការរបស់អង្គភាពប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានអះអាងថា វគ្គហ្វឹកហ្វឺនបំប៉ននេះ គឺសំដៅបង្កើនសមត្ថភាពដល់យោធិន ឲ្យកាន់តែស្ទាត់ជំនាញក្នុងការប្រើប្រាស់អាវុធវែង ខ្លី និងគ្រឿងបំពាក់ រួមជាមួយជំនាញប្រយុទ្ធក្នុងទីប្រជុំជន (Urban Combat) និងរំដោះចំណាប់ខ្មាំង (Hostage Rescue) ឲ្យកាន់តែល្អប្រសើរើង។ វគ្គហ្វឹកហ្វឺនបំប៉ននេះ គឺស្របពេលដែលប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់ជាលើកដំបូង បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩៕










