
ព្រៃវែង៖ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជប្រជាពលរដ្ឋចំនួន ៦.១១២គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គនៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ។
ខាងក្រោមនេះ ជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាល និងផ្តល់ស្រូវពូជប្រជាពលរដ្ឋជា ៦.០០០គ្រួសារនៅខេត្តព្រៃវែង៖
- សម្តេចតេជោ ហ៊ុន សែន បានពាំនាំព្រះរាជបណ្តាំសាកសួរសុខទុក្ខពីព្រះករុណា ព្រះមហាក្សត្រ និងហ្លួងម៉ែ ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នៅខេត្តព្រៃវែងនាពេលនេះ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់អាជ្ញាធរទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានចុះអន្តរាគមន៍បន្ទាន់ ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ នៅខេត្តព្រៃវែង ព្រមទាំងការជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ស្រូវពូជ នឹងត្រូវផ្តល់ជូនតែប្រជាកសិករណា ដែលស្រូវរបស់គាត់មានការខូចខាតដោយទឹកជំនន់ ហើយគាត់អាចយកស្រូវពូជទាំងនោះ មកស្តារឡើងវិញបានតែប៉ុណ្ណោះ។ ក្រៅពីនោះ ប្រជាកសិករ នឹងទទួលបានពូជំណាំផ្សេងៗ តាមលទ្ធភាពជាក់ស្តែង។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងការកោតសរសើរ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសផ្នែកសុខាភិបាល ដែលបានប្រឹងប្រែងរួមគ្នាជាមួយប្រជាពលរដ្ឋ ក្នុងការធ្វើឱ្យប្រើសើរឡើង នៃការទប់ស្កាត់ និងកាត់ផ្តាច់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងទេ ដូច្នេះវិធានការការពារខ្លួន និងការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស តាមការណែនាំរបស់ក្រុមគ្រូពេទ្យ គឺជាអ្វីដែលយើងចាំបាច់ត្រូវធ្វើ ដើម្បីធានាការវិនាសកម្មជាច្រើន វាយប្រហារដោយសារកូវីដ-១៩។
- សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តមានវិធានការការពារខ្លួនពីការឆ្លង និងចម្លងកូវីដ-១៩ ដោយអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ឱ្យបានគ្រប់ៗគ្នា តាមការណែនាំរបស់គ្រូពេទ្យ។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅកម្ពុជាទើបតែឈ្នះលើសមរភូមិកូវីដ-១៩តែប៉ុណ្ណោះ នៅមិនទាន់ឈ្នះលើសង្គ្រាមប្រឆាំងនឹងកូវីដ-១៩ទាំងស្រុងនៅឡើយទេ ដូច្នេះទាមទារឱ្យយើងរួមគ្នាលើវិធានការនានាលើការប្រយុទ្ធប្រឆាំងកូវីដ-១៩។
- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពេលកូវីដ-១៩ផ្ទុះខ្លាំង ដែលមានអ្នកឆ្លងអ្នកឆ្លង និងស្លាប់រៀងរាល់ថ្ងៃ គឹជាពេលវេលា ដែលតម្រូវឱ្យអាជ្ញាធរមានវិធានការនានា ដើម្បីការពារសុខមាលភាព និងអាយុជីវិតប្រជាពលរដ្ឋ ពីការវាយប្រហារដោយជំងឺកូវីដ-១៩។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋខេត្តព្រៃវែង និងប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹក ភ្លូកដី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ហើយសម្តេចសង្ឃឹមថា ប្រជាពលរដ្ឋគ្រប់ៗរូប នឹងនៅបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ និងការបោះឆ្នោតក្រោយៗទៀត។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា លោកប្រធានាធិបតីអាមេរិក ចូរ បៃដិន នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងអាស៊ីបូព៌ា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលឆាប់ៗយ៉ាងមុខនេះ។ បន្ទាប់មកអាមេរិក នឹងបញ្ជូនអនុប្រធានាធិបតីរបស់ខ្លួនមកទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងជួបសន្ទនាតាមទូរស័ព្ទ ជាមួយឯកឧត្តម Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លើកិច្ចការមួយចំនួន ពាក់ព័ន្ធកិច្ចសហប្រតិបត្តិក្របខណ្ឌអាស៊ាន និងអ៊ុយក្រែន។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នឹងទទួលបានពូជស្រូវចំនួន ១០០គីឡូក្រាម ក្នុងមួយគ្រួសារ។ សម្តេចក៏បានបញ្ជាក់ថា បើមុនពេលសម្តេចមកផ្តល់ជូន ប្រជាពលរដ្ឋណាដែលទទួលបាន ៥០គីឡូក្រាមពីអាជ្ញាធរហើយ ក៏សូមកុំច្រណែននឹងអ្នកបានក្រោយ។
- សង្កថាសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាល និងផ្តល់ស្រូវពូជ ប្រជាពលរដ្ឋជា ៦.០០០គ្រួសារ រងគ្រោះដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គនៅខេត្តព្រៃវែង ចប់នៅវេលាម៉ោង៧ និង១៧នាទី។