
កូរ៉េខាងត្បូង៖ គិតត្រឹមម៉ោងជាង ១១ ព្រឹកថ្ងៃទី៣០ ខែតុលានេះ មានការបញ្ជាក់ថា មនុស្សចំនួន ១៥១នាក់ បានស្លាប់ និង ៨២នាក់រងរបួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅបុណ្យ Halloween នៅទីក្រុង សេអ៊ូលប្រទេសកូរ៉េ ខាងត្បូង។
ប្រភពព័ត៌មាន BBC បានបញ្ជាក់ត្រឹមព្រឹកនេះថា មានជនរងគ្រោះចំនួន១៥១ បានស្លាប់ និងមានជនរងគ្រោះចំនួន ៨២នាក់បានរងរបួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅក្នុងពិធីបុណ្យ Halloween នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ជនរងគ្រោះនៅក្នុងព្រឹត្តិការណ៍នេះ ភាគច្រើនជាយុវជន ដែលស្ថិតនៅក្នុងចន្លោះអាយុជាង ២០ឆ្នាំ។ ក្នុងចំនួនជនរងគ្រោះដែលបានស្លាប់ទាំងនោះ ក៏មានជនរងគ្រោះជាជនបរទេសចំនួន ១៩នាក់ផងដែរ។
ហេតុការណ៍រត់ជាន់គ្នាដែលបង្កឱ្យចំនួនអ្នកស្លាប់ និងរងរបួសជាច្រើននេះ កើតឡើងនៅពេលដែលមានពលរដ្ឋជាច្រើនសម្រុកចូលផ្លូវចង្អៀតស្ថិតក្នុង តំបន់ Itaewon ជាតំបន់ដែលមានប្រជាប្រិយភាពខ្លាំងនៅពេលរាត្រី។
ជនរងគ្រោះដែលនៅមានជីវិត បានលើកឡើងដែរថា ពួកគេមានភាពពិបាកខ្លាំងក្នុងការដកដង្ហើម ដោយសារតែសាកសពជាច្រើនបានស្លាប់គរពីលើគ្នា។ ក្នុងហេតុការណ៍នេះ ប្រធានាធិបតី Yoon Suk-yeol ក៏បានចុះទៅទីតាំងកើតហេតុ និងបញ្ជាឱ្យមានការស៊ើបអង្កេតនិងបញ្ជាឱ្យកងកម្លាំងចុះជួយជនរងគ្រោះដែលនៅមានជីវិត៕