កូរ៉េខាងត្បូង៖ សមាជិកក្រុមគ្រួសារដែលមានអារម្មណ៍តក់ស្លុតជាច្រើន បានប្រមូលសាកសពឪពុកម្ដាយបានស្វែងរកកូនៗ ហើយប្រទេសនេះបានស្វែងរកចម្លើយតប បន្ទាប់ពីមនុស្ស ១៥៣នាក់ត្រូវបានប្រជ្រៀតជាន់គ្នាស្លាប់ នៅពេលក្រុមមនុស្សនៅក្នុងប្រទេសកូរ៉េខាងត្បូងបានប្រមូលផ្ដុំគ្នា នៅតាមផ្លូវឌឿងហែមអំឡុងការប្រារព្ធពិធីបុណ្យ Halloween។

លោកប្រធានាធិបតី Yoon Suk-yeol បានប្រកាសកាន់មរណទុក្ខទូទាំងប្រទេស និងបានចាត់ទុកខណ្ឌ Itaewon ដែលជាទីកម្សាន្តដ៏ពេញនិយមជាតំបន់គ្រោះមហន្តរាយ បន្ទាប់ពីគ្រោះមហន្តរាយកាលពីយប់ថ្ងៃសៅរ៍ ខណៈបណ្ដាមេដឹកនាំបរទេសបានចូលរួមការរំលែកទុក្ខចំពោះសោកនាដកម្មនេះ រួមមានលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese, លោកប្រធានាធិបតីអាមេរិក Joe Biden និងលោកប្រធានាធិបតីចិន Xi Jinping ជាដើម។ ក្រសួងការបរទេសកូរ៉េខាងត្បូងបានកំណត់ចំនួនជនបរទេសដែលបានស្លាប់ ២៦នាក់មកពី ១៥ប្រទេស។ អ្នកសា្លប់មានមកពី ប្រទេសចិន អ៊ីរ៉ង់ ជប៉ុន រុស្ស៊ី និងម្នាក់មកពីអូស្ត្រាលី។

អ្នកចូលរួមព្រឹត្តិការណ៍នេះប្រមាណ ១០ម៉ឺននាក់ ដែលអ្នកលក់ក្នុងស្រុកបាននិយាយថា មិនធ្លាប់មានពីមុនមក ប៉ុន្តែកម្លាំងនគរបាលដ៏ច្រើនដែលកំពុងដោះស្រាយការតវ៉ានៅទូទាំងទីក្រុងនោះ បានគ្រោងដាក់ពង្រាយមន្ត្រីត្រឹមតែ ២០០នាក់ប៉ុណ្ណោះ។ ក្រុមមន្ត្រីសង្គ្រោះបន្ទាន់បាននិយាយថា ក្រុមមនុស្សនៅក្នុងស្រុក Itaewon បានសម្រុកចូលក្នុងផ្លូវឌឿងហែមមួយ សម្លាប់មនុស្ស ១៥៣នាក់ភាគច្រើនមានវ័យ ២០ឆ្នាំដោយបន្ថែមថា អ្នកស្លាប់អាចកើនឡើងទៀត។ ព្រឹត្តិការណ៍នេះគឺជាពិធីបុណ្យ Halloween លើកដំបូងក្នុងទីក្រុងសេអ៊ូលរយៈពេល ៣ឆ្នាំដែលត្រូវបានប្រារព្ធតាម Online ដោយសារការរឹតត្បិត និងគម្លាតសុវត្ថិភាពទប់ស្កាត់ការឆ្លងវីរុស COVID-19។ អ្នកចូលរួមពិធីជប់លៀងភាគច្រើនពាក់ម៉ាស់ និងស្លៀកសំលៀកបំពាក់បុណ្យ Halloween៕
អត្ថបទ៖ សុខមាន