អន្តរជាតិ៖ នៅថ្ងៃចន្ទនេះ អ៊ីរ៉ង់ បានថ្កោលទោសអ៊ីស្រាអែល សម្រាប់វាយប្រហារបំផ្លិចបំផ្លាញដោយចេតនាមកលើទីតាំងនុយក្លេអ៊ែរក្រោមដី Natanz របស់ពួកគេ ដែលធ្វើឲ្យខូចម៉ាស៊ីន ពួកគេប្រើប្រាស់ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម នៅទីនោះ។
លោកសាអ៊ីត ខាទីបហ្សាដេ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានព្រមានថា ទីក្រុងតេអេរ៉ង់ នឹងសងសឹកវិញនៅពេលដ៏ស័ក្តិសមណាមួយ។
ឧប្បត្តិហេតុកាលពីថ្ងៃអាទិត្យម្សិលមិញ បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅលើទីតាំងនោះផងដែរ។
លោកខាទីបហ្សាដេ បានទទួលស្គាល់ថា ម៉ាស៊ីនបំបែកធាតុវីលីន IR-1 ដែលជាម៉ាស៊ីនជំនាន់ទី១នៃកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ រកការខូចខាត។
ប៉ុន្តែ លោកបាននិយាយថា ពួកយើងនឹងដាក់ជំនួសដោយម៉ាស៊ីនជំនាន់ក្រោយជឿនលឿនជាងមុន ។
អ៊ីស្រាអែល មិនបានប្រកាសទទួលស្គាល់ដោយផ្ទាល់នោះទេ សម្រាប់ការវាយប្រហារមួយនេះ ។
ប៉ុន្តែសារព័ត៌មានអ៊ីស្រាអែល បានរាយការណ៍ថា ការវាយប្រហារដោយអ៊ីស្រាអែល បណ្តាលឲ្យដាច់ចរយន្តអគ្គិសនី នៅទីតាំងនុយក្លេអ៊ែរ Natanz។
បើសិនជាអ៊ីស្រាអែល ទទួលស្គាល់ការវាយប្រហារពិតមែន វានឹងធ្វើឲ្យភាពតានតឹងឡើងកម្តៅកាន់តែខ្លាំង រវាងប្រទេសទាំង២ ដែលបានចូលរួមជម្លោះរួចទៅហើយនៅទូទាំងតំបន់មជ្ឈិមបូព៌ា៕ អត្ថបទ៖ អៀម សារ៉ាត់