បាល់ទះ៖ ឯកឧត្តមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ចំពោះការរៀបចំការប្រកួតបាល់ទះ ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ ដែលបញ្ចប់ដោយជោគជ័យ ហើយបានចាត់ទុកជាសញ្ញាណវិជ្ជមានឆ្ពោះទៅដណ្ដើមមេដាយមាសស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាទៀតផង។
នេះបើតាមការបញ្ជាក់ក្នុងពិធីបិទការប្រកួត នៅសាលទីលានបាល់ទះនៃកីឡដ្ឋានព្រីនស៍កាលពីល្ងាចថ្ងៃទី៣០ ខែតុលា បន្ទាប់ពីព្រឹត្តិការណ៍ដ៏ធំនេះបានដំណើរការប្រកួតដ៏ស្វិតស្វាញ អស់រយៈពេលកន្លះខែកន្លងទៅ ដោយក្រុមបាល់ទះវិសាខាបានគ្រងតំណែងជើងឯក បន្ទាប់ពីយកឈ្នះក្រុមក្រសួងមហាផ្ទៃដោយលទ្ធផល ៣-០សិតក្នុងវគ្គផ្ដាច់ព្រ័ត្រជាមួយពិន្ទុ ២៥-១៧, ២៥-១៨ និង ២៥-១៧ពិន្ទុ។ ឯកឧត្តមសន្ដិតបណ្ឌិតមានប្រសាសន៍ថា ការរៀបចំពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ដ្រីផ្ដោតលើគោលបំណងសំខាន់ៗរួមមាន៖ ១-ជាផែនការមួយក្នុងការធ្វើឲ្យកីឡាបាល់ទះកម្ពុជាកាន់តែមានគុណភាពខ្ពស់ និងឈានទៅរកស្ដង់ដារកម្រិតពិភពលោក។ ២-ពង្រឹងវិស័យបាល់ទះឲ្យមានសក្ដានុពល និងឲ្យកីឡាបាល់ទះជ្រាបចូលក្នុងក្រអៅបេះដូងរបស់យុវជន រួមចំណែកធ្វើឲ្យប្រជាជនកម្ពុជាមានសុខភាពល្អ និងចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗក្នុងសង្គម។ ៣-បង្កើនកម្រិតសមត្ថភាពឲ្យកាន់តែប្រសើរឡើង សម្រាប់ត្រៀមការប្រកួតសំខាន់ៗនាពេលខាងមុខ ពិសេសជ្រើសរើសកីឡាករ និងចូលជម្រើសជាតិសម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣។ ៤-ពង្រឹងក្រុមជម្រើសជាតិឆ្ពោះទៅឈ្នះមេដាយមាសស៊ីហ្គេមឆ្នាំ២០២៣ និងប្រកួតអន្ដរជាតិនានា។
ក្នុងនាមប្រធានសហព័ន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានបង្ហាញសេចក្ដីរីករាយចំពោះលទ្ធផលទាំងអស់នេះ ក៏ដូចជាអបអរដល់ក្រុមជ័យលាភី ពិសេសក្រុមជម្រើសជាតិកម្ពុជាដែលបានយកឈ្នះក្រុមជម្រើសជាតិគុយបា និងសិង្ហបុរីក្នុងជំនួបមិត្តភាពអន្ដរជាតិ ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះ។ ជ័យជម្នះនេះបានបង្ហាញពីសមត្ថភាពក្រុមជម្រើសជាតិកម្ពុជា និងធ្វើឲ្យឯកឧត្តមមានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងធ្វើបានល្អ អាចមានឱកាសឈានទៅដណ្ដើមមេដាយមាសកីឡាស៊ីហ្គេមឆ្នាំ២០២៣។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការបានបញ្ជាក់ថា ការប្រកួតនេះពិតជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយក៏ជាកម្លាំងចលនាដ៏សំខាន់ សម្រាប់សហព័ន្ធ ដើម្បីឆ្ពោះទៅរករៀបចំព្រឹត្តិការណ៍ធំៗជាបន្ដបន្ទាប់ទៀត ក្នុងន័យជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទះកម្ពុជាឲ្យកាន់តែរីកចម្រើនផងដែរ។
គួរដឹងថា ការប្រកួតបាល់ទះពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ គឺមាន ១២ក្រុមចូលរួមដែលបានដំណើរការប្រកួតកាលពីថ្ងៃទី១៥ ខែតុលាកន្លងទៅ។ បន្ទាប់ពីដំណើរការប្រកួតកន្លះខែទើបរកឃើញក្រុមជ័យលាភី ដោយក្រុមវិសាខាបានគ្រងជើងឯក អមប្រាក់រង្វាន់ ១ម៉ឺនដុល្លារ ខណៈក្រសួងមហាផ្ទៃទទួលបានចំណាត់ថ្នាក់លេខ២ អមប្រាក់រង្វាន់ ៥ពាន់ដុល្លារ និងលេខ៣ បានទៅក្រុមបញ្ជាការដ្ឋានអង្គរក្សដែលទទួលបានប្រាក់រង្វាន់ ៣ពាន់ដុល្លារ បន្ទាប់ពីយកឈ្នះក្រុមកងពលធំអន្តរាគមន៍លេខ៣ ដោយលទ្ធផល ៣-១សិត៕
អត្ថបទ៖ លី ឈុនឡា