វាយសី៖ ព្រឹត្តិការណ៍វាយសីជើងឯក French Open បានបិទបញ្ចប់នៅថ្ងៃអាទិត្យម្សិលមិញ ជាមួយនឹងការប្រកួតវិញ្ញាសាវាយគូបុរសចុងក្រោយគេ។ ក្រុមវាយសីឥណ្ឌាដែលមានកីឡាករ Satwiksairaj Rankireddy និង Chirag Shetty បានបង្កើតប្រវត្តិសាស្ត្រជាមួយនឹងការគ្រងជើងឯក French Open វិញ្ញាសាវាយគូបុរស និងក្លាយជាកីឡាករឥណ្ឌាទី១ ដែលឈ្នះជើងឯកវាយសីក្នុងក្របខណ្ឌ BMF 750 Series។

Satwiksairaj Rankireddy និង Chirag Shetty ដែលម្ចាស់មេដាយមាសនៅកីឡាករ Commonwealth នោះបានយកឈ្នះដៃគូកីឡាករឆៃនីសតៃប៉ិ Lu Ching-yao និង Yang Po-han ដោយលទ្ធផល ២១-១៣ និង ២១-១៩។ ងាកមកទស្សនាវិញ្ញាសាផ្សេងទៀតកីឡាការិនីចិន He Bingjiao បានគ្រងជើងឯកលើកទី២ របស់ខ្លួនក្រោយយកឈ្នះកីឡាការិនីអេស្ប៉ាញ Carolina Marin ១៦-២១ ២១-៩ និង ២២-២០ លើវិញ្ញាសាឯកត្តជននារី។ វិញ្ញាសាឯកត្តជនបុរសម្ចាស់មេដាយមាសអូឡាំពិកកីឡាករដាណឺម៉ាក Viktor Axelsen យកឈ្នះមិត្តរួមជាតិ Rasmus Gemke ដើម្បីឈ្នះជើងឯកទី៧ ក្នុងឆ្នាំ២០២២ នេះ។
វិញ្ញាសាវាយគូនារីជ័យជំនះបានទៅក្រុមម៉ាឡេស៊ីដែលមានកីឡាការិនី Pearly Tan និង Thinaah Muralitharan ដែលបានយកឈ្នះក្រុមកីឡាការិនីជប៉ុនលំដាប់លេខ៤ ពិភពលោក Mayu Matsumoto និង Waken Nagahara។ ចុងក្រោយវិញ្ញាសាវាយគូបុរសនារី ជើងឯកពិភពលោក ៣សម័យ Zheng Siwei និង Huang Yaqiong យកឈ្នះក្រុមហូឡង់ដែលមាន Robin Tabeling និង Selena Piek នៅវគ្គផ្តាច់ព្រ័ត្រ៕
អត្ថបទ៖នាង សុភាវុធ