
ភ្នំពេញ៖ គិតត្រឹមយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ករណីរត់ជាន់គ្នាស្លាប់ នៅក្រុងសេអ៊ូល នៃប្រទេសសាធារណរដ្ឋកូរ៉េ មានជនបរទេសចំនួន ២៦នាក់ បានស្លាប់បាត់បង់ជីវិត ហើយក្នុងចំណោមជនបរទេសដែលអាជ្ញាធរបានរកឃើញអត្តសញ្ញាណ គឺមិនមានជនជាតិខ្មែរទេ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោកជំទាវ ជ្រឹង បុទុមរង្ស៊ី ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា ករណីនេះ ស្ថានទូតខ្មែរប្រចាំនៅកូរ៉េ កំពុងបន្តតាមដានព័ត៌មានបន្តទៀត ដោយយកចិត្តទុកដាក់ ហើយបើបងប្អូនណាមានព័ត៌មាន អំពីការបាត់ដំណឹងមិត្តភ័ក្ដិ ឬបងប្អូននៅក្នុងហេតុការណ៍នេះ សូមមេត្តាផ្តល់ព័ត៌មានមកស្ថានទូតជាបន្ទាន់ ដើម្បីធ្វើការអន្តរាគមន៍ ហើយអាចទាក់ទងតាមលេខទូរស័ព្ទ 01075104324 ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៩ ខែតុលា មានករណីប្រជ្រៀតជាន់គ្នា នៃពិធីបុណ្យ Halloween ក្នុងទីក្រុងសេអ៊ូល ដោយមានមនុស្សស្លាប់ចំនួន ១៥៣នាក់ ភាគច្រើនមានវ័យ ២០ឆ្នាំ ហើយក្នុងនោះមានជនបរទេសស្លាប់ចំនួន ២៦នាក់ ដែលមានជនជាតិចិន អ៊ីរ៉ង ជប៉ុន រុស្ស៊ី និងអូស្ត្រាលី ៕ អត្ថបទ៖ បាន សុខរិទ្ធិ

