បាល់ទាត់៖ ក្រុមកំពូលតារាងនៅក្របខណ្ឌអាល្លឺម៉ង់ Bundesliga, Union Berlin បានរក្សាការនាំមុខរបស់ខ្លួនដដែល ក្រោយវាយបកយកឈ្នះក្រុមភ្ញៀវ Borussia Monchengladbach ២-១ យប់ថ្ងៃអាទិត្យម្សិលមិញនេះ។

Bayern Munich បានយកឈ្នះ Mainz ៦-២ កាលពីថ្ងៃសៅរ៍ និងបាននាំមុខគេបណ្តោះអាសន្នមានន័យថា Union Berlin ត្រូវការឈ្នះដើម្បីឡើងមកនាំមុខវិញ។ តែការចាប់ផ្តើមមិនបានល្អឡើយ ខណៈក្រុមភ្ញៀវ Monchengladbach នាំមុខមុននៅនាទីទី៣៣ ដោយការតែតបញ្ចូលទីរបស់ Nico Elvedi។ ក្រុមម្ចាស់ផ្ទះ Union Berlin ត្រូវរង់ចាំដល់នាទីទី៧៩ ទើបអាចរកគ្រាប់តាមស្មើបានសំរេច ដោយការតែតបញ្ចូលទីមួយគ្រាប់ទៀតរបស់ Kevin Behrens។
Union Berlin ដែលបាននាំមុខនៅ Bundesliga ជាងមួយខែមកហើយនោះបានរក្សាការនាំមុខរបស់ខ្លួនដដែល បន្ទាប់ពី Danilho Doekhi ជាអ្នកសំរេចគ្រាប់បាល់ជ័យជំនះនៅនាទីទី៩០+៧ ទៅហើយ។ បីពិន្ទុនេះធ្វើឱ្យ Union Berlin មានសរុប ២៦ពិន្ទុទំលាក់ Bayern Munich មកលេខ២ វិញគិតត្រឹមសប្តាហ៍ទី១២ នេះ៕
អត្ថបទ៖នាង សុភាវុធ