កោះកុង៖ សាខាពន្ធដារខេត្តកោះកុង បានទទួលចំណូលប្រមាណ ១១០លានរៀលពីការផាកពិន័យ និងតម្រូវឱ្យក្រុមម្ចាស់យានយន្តទាំងឡាយចាំបាច់បង់ពន្ធនៅនឹងកន្លែងតែម្តង គ្រាពួកគេពុំបានបំពេញកាត ព្វកិច្ចជូនរដ្ឋ។
យ៉ាងហោចណាស់មានរថយន្តតូចធំចំនួន ១១៦គ្រឿង ដែលពុំបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២០ ដោយមន្ត្រីពន្ធដារខេត្តសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យរកឃើញតាមដងផ្លូវសាធារណៈជាបន្តបន្ទាប់។
លោក ឡុង ស៊ីប៉ូ អនុប្រធានសាខាពន្ធដារខេត្តកោះកុង ឱ្យដឹងនៅថ្ងៃទី១២ ខែមេសាថា ម្ចាស់រថយន្តទេសចរណ៍ រថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរទាំង ១១៦គ្រឿងនេះ តម្រូវឱ្យបង់ពន្ធសរុបចំនួន ៥៩លានរៀល និងពិន័យសរុបជាង៥០លានរៀលភ្លាមៗនៅនឹងកន្លែង។
តួលេខនេះ បើធៀបនឹងឆ្នាំ២០១៩ កើនបាន១៩លានរៀល ស្មើនឹង២១ភាគរយ។ លោកពន្យល់ទៀតថា មូលហេតុម្ចាស់យានយន្តមិនបានបំពេញកាតព្វកិច្ចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទឆ្នាំ២០២០ ក៏ព្រោះតែពួកគាត់អះអាងថា មមាញឹកនឹងការរកស៊ីទទួលទានប្រចាំថ្ងៃពុំទាន់ពេលវេលាទៅបង់ពន្ធ ខ្លះរថយន្តទើបតែដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ និងខ្លះទៀតជឿជាក់ទៅលើឈ្នួញលក់រថយន្តដែលថា រថយន្តមិនទាន់ដល់ឆ្នាំត្រូវបង់ពន្ធជាដើម។
យុទ្ធនាការអនុវត្តច្បាប់ពន្ធដារលើការត្រួតពិនិត្យពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រ ភេទបានអនុវត្តចាប់តាំងពីថ្ងៃទី៣ ខែកុម្ភៈដល់ទី៣១ ខែមីនា ២០២១កន្លងទៅ។ ច្បាប់តម្រូវឱ្យរថយន្តអង្គទូតប្រចាំនៅកម្ពុជា គ្រឿងចក្របម្រើការវិស័យកសិកម្ម និងរថយន្តយោធា រួចផុតពីការមិនបង់ពន្ធនេះ។ មន្ត្រីពន្ធដារខេត្តកោះកុងតែងអះអាងថា ពួកគេមិនចង់ផាកពិន័យលើម្ចាស់យានយន្តណាម្នាក់តាមដងផ្លូវសាធារណៈដែលធ្វើឱ្យខាតពេលវេលារកស៊ីអាជីវកម្ម និងធ្វើការរបស់ពលរដ្ឋឡើយ ពោលគឺចង់ឃើញពលរដ្ឋចូលរួមបង់ពន្ធដោយឈរលើស្មារតីទទួលខុសត្រូវ និងជាកាតព្វកិច្ចជូនរដ្ឋ៕ អត្ថបទ៖ឈឹម មករា