ភ្នំពេញ៖ ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២២ នៅមូលដ្ឋានកងទ័ពជើងអាកាស នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស បានជួបសំណេះសំណាលជាមួយមេបញ្ជាការរង ស្នងការ ស្នងការរង មេបញ្ជាការមូលដ្ឋានទ័ពអាកាស នាយទាហានចំណុះបញ្ជាការដ្ឋានកងទ័ពជើងអាកាសចំនួន ២២៥ នាក់និងបំពាក់ឋាន្តរសក្តិជូនយោធិនចូលនិវត្តន៍ចំនួន ១៣នាក់។
នាឱកាសនោះ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើង
អាកាស មានប្រសាសន៍បញ្ជាក់ពីច្បាប់ស្តីពីការអនុវត្តរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារចំពោះយោធិនទាំងពីរប្រភេទនៃកងយោធពលខេមរភូមិន្ទ ។ បើទោះជាយ៉ាងណាយើងនៅរក្សាគ្រប់គ្រងកម្លាំងយោធិនសំខាន់ៗដែលមានធនធានមនុស្សជាយោធាចារ្យសំរាប់ចែករំលែកបទពិសោធន៍ល្អៗ ជូននាយទាហានបន្តវេនស្របតាមគោលនយោបាយរាជរដ្ឋាភិបាល រក្សាចាស់ បង្កើនថ្មី ជាគោលនយោបាយប្រកបដោយប្រសិទ្ធភាព ។
នាយឧត្តមសេនីយ៍ ក៏មិនភ្លេចរំលឹកពីគុណតម្លៃ និងគុណបំណាច់របស់យោធិនចូលនិវត្តន៍ដែលបានចូលរួមចំណែកផ្តួលរំលំ និងការពារមិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ ជាពិសេសចូលរួមបញ្ចប់សង្គ្រាម ស៊ីវិល និងការអនុវត្តគោលនយោបាយឈ្នះ ឈ្នះ ប្រកបដោយជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
នាយឧត្តមសេនីយ៍ សឹង សំណាង បានផ្តល់អនុសាសន៍ក្រើនរំលឹកជូនយោធិនចូលនិវត្តន៍ត្រូវជឿជាក់លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអ្នកដឹកនាំកម្ពុជាប្រកបដោយគតិបណ្ឌិតក្នុងការរកសន្តិភាព សេរីភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕




