ភ្នំពេញ៖ ក្រសួងផែនការ បានប៉ាន់ប្រមាណថា អាចមានគ្រួសារក្បែរភាពក្រីក្រប្រមាណក្រោម ៦០ម៉ឺនគ្រួសារ ដែលនឹងអាចទទួលអត្ថប្រយោជន៍ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងហានិភ័យ ក្នុងអំឡុងសម្ពាធអតិផរណា។
ឯកឧត្តម កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ លើកឡើងបញ្ជាក់ថា ក្នុងរយៈពេលប្រមាណជាងកន្លះខែមកនេះ មន្រ្តីជំនាញក្រសួងផែនការ និងមន្រ្តីមកពីក្រសួងស្ថាប័នពាក់ព័ន្ធ បាននឹងកំពុងចុះសម្ភាសន៍កំណត់គ្រួសារទទួលផលទាំងនោះ។
ឯកឧត្តម បញ្ជាក់ថា ការកំណត់អត្តសញ្ញាណគ្រួសារក្បែរភាពក្រីក្រនេះ គឺមានមានលក្ខខ័ណ្ឌច្បាស់លាស់ក្នុងការជ្រើសរើសសម្រាប់ការសម្ភាស។ ទី១គឺផ្អែកលើថវិកា និងកាឡូរីក្នុងម្ហូបអាហារសម្រាប់មនុស្សម្នាក់ៗ និងផ្តោតទៅលើភាពងាយរងគ្រោះមួយ ក្នុងចំណោមភាពងាយរងគ្រោះចំនួន ៥។ ភាពងាយរងគ្រោះទាំង៥ ចំណុច គឺសំដៅលើគ្រួសារដែលមានសមាជិកជាជនមានពិការភាព មានចាស់ជរា មានកុមារតូច មានសមាជិកជាកុមារទាំងអស់ និងគ្រួសារដែលមានមេគ្រួសារជាស្រ្តី។
បើផ្អែកលើជំរឿនប្រជាជនឆ្នាំ ២០១៩ ការយកបន្ទាត់ភាពក្រីក្រ គុណនឹង១, ៥ គឺមានពលរដ្ឋក្បែរភាពក្រីក្រ ប្រមាណ ៦០ម៉ឺនគ្រួសារ។ តែចំនួនជាក់ស្ដែងអាចតិចជាងនេះ ព្រោះគ្រួសារជាច្រើនបានដាក់ពាក្យស្នើសុំបណ្ណសមធម៌រួចទៅហើយ។ នេះជាការបញ្ជាក់ថែមរបស់ ឯកឧត្តម កែវ អ៊ូលី។
ចំពោះការបើកសាច់ប្រាក់វិញ គឺក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអ្នកទទួលខុសត្រូវ ដោយរង់ចាំទិន្នន័យពីក្រសួងផែនការ។
ឯកឧត្តម ឈួរ សុបញ្ញា ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លើកឡើងថា ការបើកសាច់ប្រាក់នឹងបន្តបើកនៅតាមបញ្ជរវីងដដែល តែមិនបើកជារៀងរាល់ខែនោះទេ។
ការបើកសាច់ប្រាក់ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសាររងហានិភ័យ ក្នុងអំឡុងសម្ពាធអតិផរណា អាចនឹងចាប់ផ្ដើមអនុវត្តក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីការកំណត់អត្តសញ្ញាណគ្រួសារគោលដៅរួចរាល់៕ អត្ថបទ៖ គឹមហុក