ភ្នំពេញ៖ ផលិតផលក្នុងស្រុកសរុប(ផសស) សម្រាប់មនុស្សម្នាក់ សម្រាប់ឆ្នាំ២០២៣ ខាងមុខ ត្រូវបានរំពឹងថា កើនដល់ ១ ៩២៤ ដុល្លារ កើនឡើង ៧.៧ភាគរយ ធៀបនឹង ១ ៧៨៥ ដុល្លារ ក្នុងឆ្នាំ២០២២។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦ភាគរយ ក្នុងឆ្នាំ២០២៣ ដែលធ្វើឱ្យ ផលិតផលក្នុងស្រុកសរុប (ផសស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ៣២ ២៩១លានដុល្លារ ស្របពេលដែល ផសស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា កើនឡើងដល់ ១ ៩២៤ ដុល្លារ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ជារួមសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣ នេះ នឹងត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ វិស័យឧស្សាហកម្ម ក្នុងកំណើន៩,២ភាគរយ វិស័យសេវាកម្ម ៦.៦ភាគរយ វិស័យកសិកម្ម ក្នុងអត្រាកំណើន ១.១ភាគរយ។
ក្រសួងបញ្ជាក់ថា ផ្អែកតាមការវាយតម្លៃពាក់កណ្តាលឆ្នាំ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ត្រូវបានវាយតម្លៃថានឹងបន្តនិន្នាការកើនឡើងធៀបនឹងកំណើនឆ្នាំ២០២១ ដោយសម្រេចកំណើនក្នុងអត្រាប្រមាណ ៥,៤ភាគរយ ដោយសារការបន្តភាពល្អប្រសើរនៃតម្រូវការខាងក្រៅ និងស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកបានវិលត្រឡប់មករកប្រក្រតីភាពវិញ បន្ទាប់ពីការប្រកាសបើកប្រទេសឡើងវិញចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ បើទោះបីជាទទួលរងផលប៉ះពាល់ពីវិបត្តិសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនយ៉ាងណាក្តី។
តួលេខនៃកំណើនផសស ស្ថិតក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលត្រូវបានគណៈរដ្ឋមន្រ្តីប្រជុំ ពិភាក្សា និងអនុម័តកាលពីថ្ងៃសុក្រកន្លងទៅ។ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវដាក់ឆ្លងរដ្ឋសភាជាតិដើម្បីអនុម័ត៕ អត្ថបទ៖ វណ្ណៈ