កូរ៉េខាងត្បូង៖ បន្តបន្ទាប់នេះគឺជាប្រវត្តិនៃឧប្បត្តិហេតុ នៃការរត់ជាន់គ្នាជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូង។ កាលពីយប់ថ្ងៃសៅរ៍ ទី29 ខែតុលា ឆ្នាំ2022 យ៉ាងហោចណាស់មនុស្ស 153នាក់បានស្លាប់ និង 133នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការរត់ជាន់គ្នានៅក្នុងសង្កាត់ Itaewon ទីក្រុងសេអ៊ូល ខណៈក្រុមមនុស្សចូលរួមពិធីភាគច្រើនក្នុងវ័យជំទង់អាយុចន្លោះ 20ឆ្នាំដែលបានមកបានជួបជុំគ្នានៅក្នុងការកម្សាន្ត សម្រាប់ការប្រារព្ធពិធីបុណ្យ Halloween។

នៅថ្ងៃទី3 ខែតុលា ឆ្នាំ2005 មនុស្សសរុបចំនួន 11នាក់បានស្លាប់ និង 145នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការរត់ជាន់គ្នាក្នុងការប្រគុំតន្ត្រីប៉ុបនៅទីក្រុង Sangju ភាគខាងត្បូង។ នៅថ្ងៃទី5 ខែមករា ឆ្នាំ2001 សិស្សស្រីម្នាក់បានស្លាប់ដោយសារគាំងបេះដូង បន្ទាប់ពីមនុស្សប្រមាណ 30នាក់នាំគ្នាសម្រុកចូលទៅមើលក្រុមចម្រៀង Click-B ដ៏ពេញនិយម និងបានរត់ជាន់គ្នា។ នៅថ្ងៃទី16 ខែធ្នូ ឆ្នាំ1996 សិស្សពីរនាក់បានស្លាប់បន្ទាប់ពីហ្វូងមនុស្សសម្រុកចូលក្នុងពហុកីឡាដ្ឋានប្រគុំតន្ត្រីក្នុងទីក្រុង Daegu ភាគអាគ្នេយ៍សម្រាប់កម្មវិធីផ្សាយផ្ទាល់ ដែលរៀបចំដោយកម្មវិធីវិទ្យុដ៏ពេញនិយមមួយ។ នៅថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ1992 ក្មេងស្រីជំទង់ម្នាក់បានស្លាប់ និង 50នាក់ផ្សេងទៀតបានរងរបួសក្នុងអំឡុងពេលរត់ជាន់គ្នានៅក្នុងការប្រគុំតន្ត្រី New Kids on the Block ក្នុងទីក្រុងសេអ៊ូល។

នៅថ្ងៃទី11 ខែកុម្ភៈ ឆ្នាំ1980 មនុស្ស 5នាក់បានស្លាប់ និង 18នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីធ្លាក់ពីការបាក់ជណ្តើរនៅសាលាបឋមសិក្សាមួយកន្លែងក្នុងទីក្រុងប៊ូសានភាគខាងត្បូង ខណៈដែលសិស្សប្រមាណ 1,000នាក់ព្យាយាមចូលរួមសន្និបាតមួយ។ នៅថ្ងៃទី26 ខែមករា ឆ្នាំ1960 មនុស្សសរុបចំនួន 31នាក់បានស្លាប់ និង 40នាក់ផ្សេងទៀតបានរងរបួសនៅស្ថានីយ៍រថភ្លើងទីក្រុងសេអ៊ូល បន្ទាប់ពីហ្វូងមនុស្សបានប្រមូលផ្តុំគ្នាដើម្បីឡើងជិះរថភ្លើងនៅស្ថានីយ៍ទីក្រុងសេអ៊ូល មុនការចាកចេញប្រចាំឆ្នាំសម្រាប់ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី។ នៅថ្ងៃទី17 ខែកក្កដា ឆ្នាំ1959 មនុស្សសរុបចំនួន 67នាក់បានរត់ដួលសង្កត់លើគ្នារហូតដល់ស្លាប់នៅពហុកីឡដ្ឋានក្រុង Busan ក្នុងទីក្រុង Busan ភាគខាងត្បូង បន្ទាប់ពីមានភ្លៀងធ្លាក់ភ្លាមៗ និងទឹកកើនឡើងឆាប់រហ័សបណ្តាលឱ្យហ្វូងមនុស្សរត់ចូលទៅក្នុងច្រកតូចចង្អៀតមួយ៕
អត្ថបទ៖ ប៊ុនថន