រុស្ស៊ី៖ ប្រទេសរុស្ស៊ីទំនងជាកំពុងប្រមូលផ្តុំកងទ័ពរាប់ម៉ឺននាក់នៅក្នុងទីក្រុង Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន ខណៈអ៊ុយក្រែនបានបង្កើនការវាយលុកនៅភាគខាងកើត និងខាងត្បូងរបស់ប្រទេស។ កងកម្លាំងអ៊ុយក្រែនបានប្រកាសកាលពីថ្ងៃអាទិត្យថា ពួកគេបានបណ្ដេញទាហានរុស្ស៊ីដោយជោគជ័យនៅក្នុងស្រុកចំនួន 10 នៃតំបន់ Donetsk ភាគខាងកើត។

អ៊ុយក្រែនត្រូវបានគេជឿថា កំពុងរុលចូលទៅកាន់ទីក្រុង Kherson ជាទីក្រុងសំខាន់មួយ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃសៅរ៍ ពីការលើកឡើងរបស់មន្ត្រីកំពូលនៃអង្គភាពស៊ើបការណ៍យោធារបស់ប្រទេសថា រុស្ស៊ីកំពុងបញ្ជូនទាហាន ៤០.០០០នាក់មកកាន់ទីក្រុង Kherson។ កងទ័ពជាច្រើនត្រូវបានគេជឿថា ជារបស់អង្គភាពដែលបានជ្រើសរើស រួមមានទាំងកងកម្លាំងទ័ពអាកាស។ មន្ត្រីនិយាយថា វាទំនងជានឹងចំណាយពេលប្រហែលមួយខែ សម្រាប់កងទ័ពអ៊ុយក្រែនដើម្បីរំដោះយកមកវិញទីក្រុង Kherson។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NHK រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បានបង្ហាញពីទស្សនៈស្រដៀងគ្នាថា យោធារុស្ស៊ីកំពុងដាក់ពង្រាយអង្គភាពនៅទីក្រុង Kherson និងតំបន់ជុំវិញនោះ។ ទន្ទឹមនឹងនេះរុស្ស៊ីបានប្រកាសថា ខ្លួនបានផ្អាកមិនកំណត់ការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀង ដែលជួយសម្រួលដល់ការនាំចេញកសិផលពីប្រទេសអ៊ុយក្រែន។ ទីក្រុងមូស្គូ និយាយថា ខ្លួនមិនធានាសុវត្ថិភាពរបស់នាវាដឹកទំនិញ ដែលចូលរួមក្នុងកិច្ចព្រមព្រៀងនេះទៀតទេ៕
អត្ថបទ៖ ប៊ុនថន