ភ្នំពេញ៖ មូលនិធិមុទិតា និង ស.ស.យ.ក. បានរៀបចំពិធីនិមន្តព្រះសង្ឃគោចរបិណ្ឌបាត្រ ក្នុងព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ (ខាងមុខព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ) ដោយមានការយាង និងនិមន្តព្រះសង្ឃចំនួន ១០០អង្គ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ។
ក្នុងពិធីនិមន្តព្រះសង្ឃគោចរបិណ្ឌបាត្រ ក្នុងព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ក្រោមព្រះវត្តមានសម្តេចព្រះរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាព្រះស្ថាបនិក មូលនិធិ មុទិតា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ព្រះរាជកម្មវិធីនេះ ប្រារព្ធឡើង ក្នុងគោលបំណង រំលឹកដល់ព្រះគុណូបការៈ និងសម្តែងនូវមនោសញ្ចេតនាចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបាន ប្រកបដោយសេចក្តីកតញ្ញូកតវេទី ចំពោះព្រះមហាករុណាទិគុណ ដ៏ធំធេងរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅក្នុងបុព្វហេតុទាមទារឯករាជ្យជូនប្រជាជាតិ ការកសាងជាតិ និងការបង្រួបបង្រួមជាតិ ការការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ និងប្រជានុរាស្ត្រកម្ពុជា និងការរួបរួមដើម្បីសន្តិភាព ឯករាជ្យ និងកសាងជាតិគ្មានឈប់ឈរ។
សូមបញ្ជាក់ផងដែរថា មូលនិធិមុទិតា និង ស.ស.យ.ក. ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាល និងស្ថាប័នជាតិនានា ដើម្បីសហការរៀបចំ ព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ក្រោមព្រះរាជាធិបតីដ៏ខ្ពស់ខ្ពស់ជាទីបំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅសាលមហោស្រព ចតុម្មុខមង្គល វេលាម៉ោង០៥ និង៣០នាទី រសៀល ដែលត្រូវជាខួបគម្រប់ ១០០ព្រះវស្សានៃទិវាប្រសូតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។
ជាមួយគ្នានេះ ក៏មានពិព័រណ៍សាទរស្នាព្រះហស្ថព្រះបរមរតនកោដ្ឋ ធ្វើឡើងវេលាម៉ោង ០៥:៣០ នាទីល្ងាច ថ្ងៃដដែល ក្នុងសាលមហោស្រពចតុម្មុខមង្គល ដោយមានដំណើរយាងទតពិព័រណ៍សាទរស្នាព្រះហស្ថ ព្រះបរមរតនកោដ្ឋ និង ព្រះរាជសកម្មភាពសំខាន់ៗជាប្រវត្តិសាស្ត្រពេញមួយព្រះជន្មរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។
បន្ថែមពីលើនេះ មានទស្សនីយភាពនៃព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ក្នុងសាលមហោស្រពចតុម្មុខមង្គល ដែលមានការសម្តែងសិល្បៈទស្សនីយភាព របាំថ្វាយព្រះពរ និងចម្រៀងដែលជាស្នាព្រះហស្ថព្រះរាជនិពន្ធរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានបង្កប់នូវអត្ថន័យ និងកម្រងអនុស្សាវរីយ៍ដ៏សែនជ្រាលជ្រៅថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសុទ្ធសឹងតែជាស្នាព្រះហស្ថដែល ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ទ្រង់សព្វព្រះរាជហឫទ័យ និងព្រះបរមរាជានុញ្ញាតឱ្យមានការសម្តែងក្នុងព្រះរាជសវនាការជាមួយបណ្តាភ្ញៀវជាតិ-អន្តរជាតិ៕ អត្ថបទ រដ្ឋា