ប្រណាំងរថយន្ត៖ ជើងឯក F1 ពិភពលោក Max Verstappen បានបន្តជោគជ័យរបស់ខ្លួន បើទោះក្លាយជាជើងឯកពិភពលោកឆ្នាំ២០២២ រួចហើយក្តី ដោយបានប្រជែងឈ្នះការប្រកួតនៅទឹកដីម៉ិកស៊ិក បំបែកកំណត់ត្រាកីឡាករដែលឈ្នះច្រើនទីលានបំផុតក្នុងមួយរដូវកាល។

កីឡាកររបស់ក្រុម Red Bull រូបនេះចេញដំណើរនៅជួរមុខគេ និងរក្សាការនាំមុខតាំងពីពេលចេញដំណើររហូតដល់ទីព្រ័ត្រ ទោះបីមានការព្យាយាមវ៉ាដោយ Lewis Hamilton នៅជុំដំបូងក៏ដោយ។ Max Verstappen បានបំបែកកំណត់ត្រា Michael Schumacher ក៏ដូចជា Sebastian Vettel ដើម្បីឈ្នះការប្រកួតច្រើនទីលានបំផុតក្នុងមួយរដូវកាលសរុប ១៤ទីលាន។ Michael Schumacher ធ្លាប់ឈ្នះសរុប ១៣ទីលានកាលពីឆ្នាំ២០០៤ និង Sebastian Vettel ឈ្នះ ១៣ទីលាននៅឆ្នាំ២០១៣។
Max Verstappen ទទួលបានចំណាត់ថ្នាក់លេខ១ នៅម៉ិកស៊ិកនេះតាមពីក្រោយ Lewis Hamilton និងលេខ៣ កីឡាករម្ចាស់ផ្ទះ Sergio Perez និងធ្វើឱ្យកីឡាករម៉ិកស៊ិករូបនេះឡើងមកលេខ២ ក្នុងតារាងជើងឯកពិភពលោកពីលើ Charles Leclerc ៥ពិន្ទុវិញ។ នៅសល់តែ ២ទីលានទៀតប៉ុណ្ណោះ F1 នឹងបិទបញ្ចប់រដូវកាល ២០២២ របស់ខ្លួនពោលគឺនៅថ្ងៃទី១១ ខែវិច្ឆិកានៅប្រេស៊ីល និងថ្ងៃទី១៨ នៅអារ៉ាប់រួម៕
អត្ថបទ៖នាង សុភាវុធ