កូរ៉េខាងត្បូង៖ កងកម្លាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងចាប់ផ្តើមសមយុទ្ធដែនអាកាសរួមគ្នាទ្រង់ទ្រាយធំនៅថ្ងៃចន្ទនេះ ក្នុងពេលមានការបាញ់មីស៊ីលជាញឹកញាប់មិនធ្លាប់មានពីមុនមក របស់ប្រទេសកូរ៉េខាងជើង។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា សមយុទ្ធរយៈពេល 5ថ្ងៃនឹងចូលរួមដោយយន្តហោះប្រមាណ 240គ្រឿង ដែលយន្តហោះទាំងនេះនឹងរាប់បញ្ចូលទាំងយន្តហោះចម្បាំងបំបាំងកាយទំនើប F-35A របស់កងទ័ពអាកាសកូរ៉េខាងត្បូង និងយន្តហោះ F-35B មកពីស្ថានីយដែនអាកាសរបស់កងម៉ារីនអាមេរិកនៅទីក្រុង Iwakuni ភាគខាងលិចប្រទេសជប៉ុន។ សមយុទ្ធនេះនឹងក្លាយជាសមយុទ្ធធំបំផុតរបស់ប្រទេសទាំង2 ចាប់តាំងពីឆ្នាំ2017 មក នៅពេលដែលកូរ៉េខាងជើងបានសាកល្បងនុយក្លេអ៊ែរ និងបាញ់មីស៊ីលម្តងហើយម្តងទៀត។
យោធាកូរ៉េខាងត្បូងនិយាយថា សមយុទ្ធនេះនឹងពង្រឹងសមត្ថភាពប្រតិបត្តិការ និងជួយទប់ទល់កូរ៉េខាងជើងពីការបង្កហេតុ។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធដែនសមុទ្ររួមគ្នាកាលពីខែតុលា ដោយមាននាវាផ្ទុកយន្តហោះអាមេរិកដើរដោយថាមពលនុយក្លេអ៊ែរ ត្រូវបានដាក់ពង្រាយឡើងវិញនៅសមុទ្រជប៉ុន។ ទីក្រុងព្យុងយ៉ាងបានអះអាងនៅលើគេហទំព័រផ្លូវការរបស់ខ្លួនកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងធ្វើសមយុទ្ធដែនអាកាសក្នុងគោលបំណងឈ្លានពានប្រទេសកូរ៉េខាងជើង៕
អត្ថបទ៖ ប៊ុនថន