ភ្នំពេញ ៖ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញបើកសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តគម្រោងទីក្រុងពន្លឿនការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងថា សិក្ខាសាលាថ្ងៃនេះ ផ្តោតលើការគាំទ្រដល់ការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ ជាពិសេសលើការពង្រឹងប្រព័ន្ធប្រទេស នៅខេត្តដែលកំពុងអនុវត្តគម្រោងទីក្រុងពន្លឿនការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ និងនៅខេត្តផ្សេងៗទៀត។ យើងនឹងរៀនពីគ្នាទៅវិញទៅមក អំពីរបៀបកែលម្អយន្តការសម្របសម្រួលនៅថ្នាក់ក្រោមជាតិ ដើម្បីទ្រទ្រង់ការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ យើងនឹងស្វែងយល់ពីវឌ្ឍនភាពលើទិដ្ឋភាពសំខាន់បី គឺភាពជាអ្នកដឹកនាំ ភាពជាដៃគូ និងការវិនិយោគ ដែលខេត្ត/ក្រុងទាំង៤ បានធ្វើឡើងក្នុង រយៈពេល៧ខែកន្លងមក ដោយគិតចាប់តាំងពីកិច្ចប្រជុំកម្មវិធីពន្លឿនការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍(FTCI) លើកទី៣ ដែលបានធ្វើឡើងកាលពីខែមីនា ឆ្នាំ២០២២កន្លងទៅ យើងនឹងពិនិត្យមើលថា៖
ក. តើរដ្ឋបាលសាលាខេត្ត/ក្រុងបានដឹកនាំ និងគាំទ្រមន្ទីរសុខាភិបាល ដើម្បីធានាថា គ្រប់គ្នា ជាពិសេសប្រជាជនគន្លឹះ និងអ្នកផ្ទុកមេរោគអេដស៍ ទទួលបានការព្យាបាលជំងឺអេដស៍ បានត្រឹមត្រូវ ស្មើភាព និងប្រកបដោយភាពរួសរាយរាក់ទាក់ និងសេវាពាក់ព័ន្ធសុខភាពផ្សេងទៀតបានក្នុងកម្រឹតណា?
ខ.តើការពង្រីកភាពជាដៃគូជាមួយ អង្គការសហគមន៍ដែលធ្វើការងារបង្ការ និងការថែទាំត្រូវបានធ្វើឱ្យប្រសើរ ឡើងក្នុងការគាំទ្រប្រព័ន្ធប្រទេស ឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍បានដល់កម្រិតណា?
គ.ការវិនិយោគនៅថ្នាក់ក្រោមជាតិ៖តើធនធានក្នុងស្រុកត្រូវបានកៀរគរ និងប្រើប្រាស់បានដល់កម្រិតណា?
ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តសម្រេចបាននូវគោលដៅ ៩៥-៩៥-៩៥ និងធានាថា ការឆ្លងថ្មីនៃមេរោគអេដស៍ មានចំនួនតិចជាង៣០០ករណីក្នុងមួយឆ្នាំៗ នៅឆ្នាំ២០២៥។ ការឆ្លើយតបរបស់ប្រទេសកម្ពុជា ចំពោះការរាលដាលនៃមេរោគអេដស៍ ត្រូវបានចាត់ទុកថា ជារឿងជោគជ័យមួយនៅក្នុងតំបន់ និងក្នុងពិភពលោក។ នៅប្រទេសកម្ពុជា៨៥% នៃអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ បានដឹងពីស្ថានភាពរបស់ខ្លួន។ ក្នុងចំណោមអ្នកដែលដឹងថា ខ្លួនមានផ្ទុកមេរោគអេដស៍៩៩% បានធ្វើរោគវិនិច្ឆ័យនិងទទួលការព្យាបាល និង៩៧% ភាគរយនៃអ្នកផ្ទុកមេរោគអេដស៍ ដែលបានទទួលការព្យាបាលមានអត្រាមេរោគដែលត្រូវបានបង្ក្រាប។ នេះមានន័យថា ការរាលដាលមេរោគអេដស៍បាននឹងកំពុងបន្តពីចំណោមប្រជាជនចំនួន១១,000នាក់ (ក្នុងនោះមានប្រជាជនគន្លឹះ និងដៃគូរបស់គាត់) ដែលមិនទាន់បានធ្វើតេស្ត និងព្យាបាលនៅក្នុងប្រព័ន្ធថែទាំសុខភាព។
ក្នុងឱកាសពិសេសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ការឆ្លើយតបនឹងមេរោគអេដស៍របស់កម្ពុជា ក៏រងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ក្នុងអំឡុងពេលរាតត្បាតផងដែរ ជាមួយនឹងការអនុវត្តវិធានការបិទខ្ទប់ និងវិធានការកាត់បន្ថយផលវិបាកផ្សេងៗទៀត ដែលកម្រិតយ៉ាងខ្លាំងដល់សមត្ថភាពក្នុងការធ្វើសកម្មភាពបង្ការ និងធ្វើតេស្តមេរោគអេដស៍ដែលមានរយៈពេលយូរ ដូចជាការចុះអប់រំផ្ទាល់ និងការងារសហគមន៍ជាដើម។ ជាមួយនឹងការបន្ធូរបន្ថយវិធានបិទខ្ទប់ក្នុងសម័យកាលដែលការរាលដាលជំងឺ COVID-19 បានថមថយ និងធូរស្រាលមានអន្តរាគមន៍អាទិភាពមួយ ត្រូវបានធ្វើឡើងនៅថ្នាក់ជាតិក្នុងរយៈពេល ៧ខែកន្លងមកនេះ៕ អត្ថបទ៖ រដ្ឋា








