ភ្នំពេញ ៖ មូលនិធិមុទិតា និង ស.ស.យ.ក. នាព្រឹកថ្ងៃ៣១ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំព្រះរាជពិធីគោចរបិណ្ឌបាត្រ នៃព្រះរាជពិធី១០០ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិ ប្រព្រឹត្តទៅនៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ខាងមុខព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះមរបរតនកោដ្ឋ។
ព្រះរាជពិធី គោចរបិណ្ឌបាត្រ នៃព្រះរាជពិធី ១០០ ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិ ខាងលើនេះ ក្រោមព្រះវត្តមាន និងវត្តមាននាឱកាសនោះរួមមាន សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ស្ថាបនិកមូលនិធិមុទិតា និងស្វាមី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ព្រមទាំងមានការយាង និងអញ្ជើញចូលរួមពីព្រះរាជវង្សានុវង្ស អង្គទូត ភ្ញៀវជាតិ និងអន្តរជាតិព្រមទាំង ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ចូលរួមជាច្រើនអង្គ/នាក់ផងដែរ។ បន្ទាប់ពីធ្វើកិច្ចនមស្សការ សមាទានសីលដោយ សម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃ ព្រះតេជគុណព្រះសង្ឃ រួចមក សម្តេចរាជបុត្រី ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងសមាជិក សមាជិកា បានយាង អញ្ជើញ រាប់បាត្រព្រះសង្ឃចំនួន ១០០ អង្គ។
សូមជម្រាបជូនថា មូលនិធិមុទិតា និង សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការរៀបចំព្រះរាជពិធីនេះឡើងក្នុងគោលបំណង រំលឹកដល់ព្រះគុណូបការៈ និងសម្តែងនូវមនោសញ្ចេតនាចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបាន ប្រកបដោយសេចក្តីកតញ្ញូកតវេទី ចំពោះព្រះមហាករុណាទិគុណ ដ៏ធំធេងរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅក្នុងបុព្វហេតុទាមទារឯករាជ្យជូនប្រជាជាតិ ការកសាងជាតិ និងការបង្រួបបង្រួមជាតិ ការការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ និងប្រជានុរាស្ត្រកម្ពុជា។
សូមបញ្ជាក់ផងដែរថា មូលនិធិមុទិតា និង ស.ស.យ.ក. បានចូលរួមជាមួយរាជរដ្ឋាភិបាល និងស្ថាប័នជាតិនានា ដើម្បីសហការរៀបចំ ព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ក្រោមព្រះរាជាធិបតីដ៏ខ្ពស់ខ្ពស់ជាទីបំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅសាលមហោស្រព ចតុម្មុខមង្គល វេលាម៉ោង០៥ និង៣០នាទី រសៀល ដែលត្រូវជាខួបគម្រប់ ១០០ព្រះវស្សានៃទិវាប្រសូតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។ ពិព័រណ៍សាទរស្នាព្រះហស្ថព្រះបរមរតនកោដ្ឋ ៖ វេលាម៉ោង ០៥:៣០នាទីល្ងាច ក្នុងសាលមហោស្រពចតុម្មុខមង្គល ដោយមានដំណើរយាងទតពិព័រណ៍សាទរស្នាព្រះហស្ថ ព្រះបរមរតនកោដ្ឋ និង ព្រះរាជសកម្មភាពសំខាន់ៗជាប្រវត្តិសាស្ត្រពេញមួយព្រះជន្មរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។ ទស្សនីយភាពនៃព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ក្នុងសាលមហោស្រពចតុម្មុខមង្គល ដែលមានការសម្តែងសិល្បៈទស្សនីយភាព របាំថ្វាយព្រះពរ និងចម្រៀងដែលជាស្នាព្រះហស្ថព្រះរាជនិពន្ធរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានបង្កប់នូវអត្ថន័យ និងកម្រងអនុស្សាវរីយ៍ដ៏សែនជ្រាលជ្រៅថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសុទ្ធសឹងតែជាស្នាព្រះហស្ថដែល ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ទ្រង់សព្វព្រះរាជហឫទ័យ និងព្រះបរមរាជានុញ្ញាតឱ្យមានការសម្តែងក្នុងព្រះរាជសវនាការជាមួយបណ្តាភ្ញៀវជាតិ-អន្តរជាតិ៕ អត្ថបទ ៖ រដ្ឋា



















