កំពង់ស្ពឺ ៖ ក្រុមការងារគ្រូពេទ្យឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យនិងអប់រំដល់ប្រជាពលរដ្ឋពីបញ្ហាទឹកជំនន់ និងការការពារទប់ស្កាត់ជំងឺកូវីដ១៩ នៅតំបន់ដាច់ស្រយាល ក្នុងភូមិអន្លង់សង្កែ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ, កាលពីថ្ងៃទី១៨ តុលា ម្សិលមិញ ។
ក្នុងគោលដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ប្រយុទ្ធនឹងជំងឺកូវីដ–១៩ ដោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន២៧រូប ដឹកនាំដោយឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ឆាយ ថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ សាខាសកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកឱរ៉ាល់ និងអាជ្ញាធរមូលដ្ឋានស្រុកឱរ៉ាល់ បានបន្តចុះអប់រំ ណែនាំ អំពីវិធានការ ការពារទប់ស្កាត់ប្រយុទ្ធនឹងជម្ងឺកូវីដ–១៩ ដោយបង្រៀនប្រជាពលរដ្ឋឲ្យយល់ដឹងអំពីការរស់នៅស្អាតប្រកបដោយអនាម័យល្អ លាងសម្អាតដៃនឹងអាកុល ឬសាប៊ូ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវនៅពេលចាំបាច់ វិធីបង្ការគ្រុនចាញ់ គ្រុនឈាម គ្រុនឈីក និងគ្រុនផ្តាសាយធំ ព្រមទាំងពាំនាំការសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ជាតំណាងរាស្ត្រ និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមមាន ៖ ពិនិត្យព្យាបាលជំងឺទូទៅ ចែកថ្នាំពេទ្យ ផ្តាសាយ សន្លាក់ឆ្អឹង ក្រពះ ពោះវៀន មុលទីវីតាម៉ីន វីតាម៉ីនសេ ព្រមទាំងចែកអាល់កុល ជូនប្រជាពលរដ្ឋក្រីក្រចំនួន ១០គ្រួសារ ថែមទាំងមួយគ្រួសារៗ ទទួលបាន អង្ករសែនក្រអូប ១០០% ស្មើ ២៥ គីឡូក្រាម, មី, ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា និងថវិកា ៤ ម៉ឺនរៀល តាមខ្នងផ្ទះតំបន់ដាច់ស្រយាលផងដែរ។
ឯកឧត្តម លេង ផាលី បានថ្លែងថា ការងារមនុស្សធម៌ចុះជួយប្រជាពលរដ្ឋរៀងរហូតមកដល់បច្ចុប្បន្ននេះ គឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងដោយសារទទួលការណែនាំបង្ហាញរបស់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ដែលលោកតែងតែខ្វល់ខ្វាយគិតគូរ និងរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋដែលជួបការលំបាកគ្រប់កាលៈទេសៈ។ ជាក់ស្ដែងសព្វថ្ងៃនេះ ដោយបញ្ហាការរាតត្បាតជំងឺកូវីដ១៩ និងប្រជាពលរដ្ឋកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង បានបណ្ដាលឱ្យពលរដ្ឋរងផលប៉ះពាល់ដល់សុខភាព និងសេដ្ឋកិច្ចនៅក្នុងគ្រួសារផង ទើបក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ចុះមកជួយបងប្អូនប្រជាពលរដ្ឋនាពេលនេះ។ ឯកឧត្តម លេង ផាលី អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តន៍វិធានការពារអំឡុងពេលកូវីដ១៩ និងគ្រោះទឹកជំនន់នេះផង ត្រូវអនុវត្តន៍តាមវិធានការ ការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានផ្សព្វផ្សាយនាពេលកន្លងមក។
ទន្ទឹមនឹងនោះដោយហេតុថានៅតំបន់នេះ ជាតំបន់ព្រៃភ្នំ បងប្អូនប្រជាពលរដ្ឋ ត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈីក គ្រុនផ្តាសាយធំ និងជំងឺផ្សេងៗ។ ស្ត្រីមានផ្ទៃពោះត្រូវតាមដាន និងពិនិត្យផ្ទៃពោះតាមការកំណត់របស់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ បើស្ត្រីគ្រប់ខែជិតដល់ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។ ត្រូវប្រុងប្រយ័ត្នចៀសវាងនូវគ្រោះថ្នាក់លង់ទឹក ត្រូវការពារកុមារតូចៗមិនឲ្យចុះទឹក ពន្យល់កុមារពីគ្រោះថ្នាក់នៃការលង់ទឹក នាំកុមារទៅកន្លែងខ្ពស់ និងមានអ្នកថែទាំ ប្រើអាវពោង ឬប៊ីដុងជ័រគ្រប់ពេលកុមារចេញពីផ្ទះ។ ត្រូវបរិភោគទឹកស្អាតដោយប្រើធុងចម្រោះ ឬដាំទឹកឲ្យពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរីន ឬក្ខរ៉ាមីន ត្រូវលាងសម្អាតបន្លែ និងផ្លែឈើជាមួយទឹកស្អាត អាហារចម្អិនឲ្យបានត្រឹមត្រូវ និងឆ្អិនល្អ គ្របអាហារឲ្យបានជិត ដើម្បីការពាររុយរោម និងធូលីដីហុយចូល ព្រមទាំងសម្អាតកន្លែងធ្វើម្ហូប និងសម្ភារផ្ទះបាយ ដូចជា ចាន ឆ្នាំង ស្លាបព្រា ខ្វះ កាំបិតជ្រុញឲ្យបានស្អាត។ លាងសម្អាតដៃជាមួយសាប៊ូឲ្យបានញឹកញាប់មុន និងក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់ផងដែរ៕
អត្ថបទ ៖ ហួត រដ្ឋា





