ពិភពលោក៖ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា មនុស្សជាង ៤០០លាននាក់បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់យ៉ាងហោចណាស់ ១ដូស។ គេហទំព័រ Our World in Data ដែលដំណើរការដោយក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Oxford របស់ចក្រភពអង់គ្លេស និងក្រុមដទៃទៀតបានបង្ហាញថា គិតមកដល់ថ្ងៃសៅរ៍សប្ដាហ៍មុន មនុស្សប្រហែល ៤៣០.៩៦លាននាក់ត្រូវបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១ដូសនៅជុំវិញពិភពលោក។

បើនិយាយអំពីប្រទេស សហរដ្ឋអាមេរិកឈរនៅលើកំពូលតារាង ដោយមានប្រជាជនចាក់វ៉ាក់សាំងរួចចំនួន ១១៧.១៤លាននាក់។ ឥណ្ឌាឈរនៅលំដាប់ទី២ ដោយមាន ៨៨.៨៩លាននាក់បន្ទាប់មកគឺចក្រភពអង់គ្លេសមាន ៣២.០១លាននាក់ និងប្រេស៊ីលមាន ២០.៥១លាននាក់។ ចំពោះសមាមាត្រនៃចំនួនប្រជាជនសរុប ដែលទទួលបានយ៉ាងហោចណាស់ ១ដូស អ៊ីស្រាអែលឈរនៅលំដាប់កំពូលដោយមាន ៦១,៤%។ ចក្រភពអង់គ្លេសឈរនៅលំដាប់ទី២ គឺ ៤៧,១% បន្ទាប់មកឈីលីមានចំនួន ៣៨,៥% និងសហរដ្ឋអាមេរិកមាន ៣៥%។ ចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងនៅទូទាំងពិភពលោកបានឡើងដល់ ៥,៥%។
ការចាប់ផ្ដើមចាក់វ៉ាក់សាំងនៅអ៊ីស្រាអែល បានចាប់ផ្ដើមកាលពីខែធ្នូដោយប្រើវ៉ាក់សាំងក្រុមហ៊ុន Pfizer និង BioNTech។ ចំនួននៃការឆ្លងថ្មីនៅក្នុងប្រទេសនេះ បានធ្លាក់ចុះអស់រយៈពេលជាង ២ខែមកហើយ។ ទិន្នន័យចងក្រងដោយសកលវិទ្យាល័យ John Hopkins បង្ហាញថា គិតត្រឹមថ្ងៃទី១១ ខែមេសា ករណីឆ្លងថ្មីប្រចាំថ្ងៃនៅអ៊ីស្រាអែលបានឡើងដល់ ១២០នាក់៕
អត្ថបទ៖ សុខមាន