
ភ្នំពេញ៖ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៣១ តុលា ឆ្នាំ២០២២នេះ បានជួបប្រជុំពិគ្រោះយោបល់ ស្ដីពីការងារផលិតកម្មពូជស្រូវ និងការនាំចេញអង្ករ ជាមួយតំណាងមកពីសហព័ន្ធស្រូវអង្ករកម្ពុជា សំដៅជំរុញដល់ការនាំចេញ ក៏ដូចជាបង្កើនប្រាក់ចំណេញជូនដល់ប្រជាកសិករឲ្យកាន់តែល្អប្រសើរជាងមុន។
យោងតាមលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការងារផលិតកម្មពូជស្រូវ និងការនាំចេញអង្ករ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កិច្ចប្រជុំនេះមានការចូលរួមពីមន្ដ្រីជំនាញនៃក្រសួងកសិកម្មពាក់ព័ន្ធនឹងការផលិតពូជស្រូវ ព្រមទាំងប្រធានមន្ទីរកសិកម្មនៅខេត្តពាក់ព័ន្ធ និងសមាជិក សមាជិកា នៃសហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយលោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកនៃក្រុមហ៊ុន Mekong Oryza Trading Co., Ltd។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងពីរបៀបវារៈដែលជាអាទិភាពចំពោះមុខ គឺផែនការសកម្មភាពស្ដីពីការជំរុញផលិតកម្ម និងការប្រើប្រាស់ពូជស្រូវដែលមានគុណភាពល្អក្នុងបរិមាណទាប តែផ្ដល់ទិន្និផលស្រូវខ្ពស់ មានអត្រាដំណុះគ្រាប់ក្នុងស្រែខ្ពស់ លឿន មានកម្លាំងខ្លាំងធន់នឹងជំងឺ និងសត្វល្អិត ដំណាំស្រូវទុំស្រុះគ្នាល្អ និងមានអត្រាលាយគ្រាប់ពូជផ្សេងនិងគ្រាប់ខ្មៅចង្រៃទាប ដែលនឹងរួមចំណែកឱ្យស្រូវអង្ករមានតម្លៃខ្ពស់នៅលើទីផ្សារ។
ក្នុងឱកាសនេះ ឯកឧត្តម បានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន ដើម្បីធានាថា ពូជស្រូវសុទ្ធដែលប្រជាកសិករផលិតបាន នឹងមានទីផ្សារទទួលទិញយកទៅដាំដុះបន្ត។
ជាមួយគ្នានេះ លោកឧកញ៉ា ហ៊ុន ឡាក់ បានសម្ដែងការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់ឯកឧត្ដមរដ្ឋមន្ដ្រី ក្នុងការផលិតពូជស្រូវសុទ្ធ ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារសម្រាប់កសិករ។ លោកបន្តថា ការប្រើប្រាស់ពូជស្រូវសុទ្ធ នឹងអាចធានាបាននូវភាពសុទ្ធនៃគ្រាប់អង្ករសម្រាប់ការដាក់លក់លើទីផ្សារទាំងទីផ្សារក្នុងស្រុក និងទីផ្សារបរទេស។
ក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា អង្គប្រជុំក៏បានពិភាក្សាផងដែរ អំពីការនាំចេញអង្ករទៅកាន់ទីផ្សារបរទេស ដោយឯកឧត្តមរដ្ឋមន្ត្រី ស្នើឱ្យភាគីពាក់ព័ន្ធសិក្សាអំពីប្រភេទអង្ករដែលជាតម្រូវការនៅលើទីផ្សារអន្ដរជាតិ ហើយជំរុញការផលិតស្របទៅតាមតម្រូវការទីផ្សារ។ ចំពោះការងារនេះ លោកឧកញ៉ា ហ៊ុន ឡាក់ បានស្នើដល់ឯកឧត្តមរដ្ឋមន្ដ្រី ជួយសម្រួលខ្សែច្រវាក់ផលិតកម្ម ដើម្បីកាត់បន្ថយចំណាយ និងបង្កើនប្រាក់ចំណេញកសិករ ក៏ដូចជាជំរុញការនាំចេញទៅកាន់ទីផ្សារដែលមានសក្ដានុពលថ្មីៗបន្ថែមទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី



