
ភ្នំពេញ៖ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅអាណត្តិនេះ យុវជនមានអាយុ១៨ឆ្នាំ កំពុងស្ទុះស្ទាទៅចុះបោះឆ្នោតច្រើនជាងពេលមុន។
មានប្រសាសន៍ប្រាប់BTV នៅពលថ្មីៗនេះ ឯកឧត្តមហង្ស ពុទ្ធាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថាគ.ជ.ប បានលើកឡើងថា តាមការសង្កេតក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ យុវជនអាយុ១៨ឆ្នាំ មានការចាប់អារម្មណ៍ទៅនឹងការចុះឈ្មោះបោះឆ្នោតច្រើនជាងអាណត្តិមុន។ ការចាប់អារម្មណ៍នេះ គឺដោយសារពួកគាត់យល់ដឹងពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
សម្រាប់យុវជន និងពលរដ្ឋទូទៅ មកចុះឈ្មោះនៅសង្កាត់ច្បារអំពៅទី២ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានលើកឡើងដែរថា បន្ទាប់ពីមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចរាល់ គឺសប្បាយចិត្ត ព្រោះបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ អាចទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត និងមានសមត្ថភាពគ្រាប់គ្រាន់។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅជារៀរាល់ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។
ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌដូចជា៖ ត្រូវបង្ហាញខ្លួន និងមានអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ(អ.ខ) ដែលមានសុពលភាព ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២, ត្រូវមានអាយុពី១៨ឆ្នាំឡើង គិតត្រឹម ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃបោះឆ្នោត ពោល គឺត្រូវកើតមុន ឫត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ និង មានលំនៅឋាន ឫទីសំណាក់ក្នុងឃុំ/សង្កាត់ដែលសាមីខ្លួនត្រូវចុះឈ្មោះបោះឆ្នោតជាដើម៕ អត្ថបទ៖ទូច សោភ័ណ