
• នាល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ មូលនិធិមុទិតា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចូលរួមជាមួយរាជរដ្ឋាភិបាល និងស្ថាប័នជាតិនានា ដើម្បីសហការរៀបចំ ព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ដែលប្រព្រឹត្តទៅក្រោមព្រះរាជាធិបតី ដ៏ខ្ពស់ខ្ពស់ជាទីបំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល អមដំណើរដោយថ្នាក់ដឹកនាំកំពូលៗ នៃព្រះរាជាណាចក្រកម្ពុជា នៅសាលមហោស្រព ចតុម្មុខមង្គល។
• ក្នុងព្រះរាជកម្មវិធី «១០០ ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិ» ក៏មានការយាង និងអញ្ជើញចូលរួមពី សម្តេចព្រះសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបប្រមាណ ៤០០អង្គ/នាក់។
• ព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ត្រូវបានផ្តួចផ្តើម និងរៀបចំដោយមូលនិធិមុទិតា និង សហភាពសហព័ន្ធយុវជនកម្ពុជា និងដោយមានការចូលរួមសហការពី ក្រសួងព្រះបរមរាជវាំង ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ រដ្ឋបាលរាជធានីភ្នំពេញ និងបណ្ណាល័យសម្តេចម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។
• ព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ដែលប្រារព្ធឡើងនារាត្រីដ៏បវរនេះ មានគោលបំណងប្រារព្ធខួប ១០០ ព្រះវស្សានៃ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលជាការរំលឹកដោយកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះរាជគុណូបការៈដ៏ធំធេងឥតកាត់ថ្លៃបានរបស់ព្រះអង្គ ក្នុងការទាមទារឯករាជ្យ ការពារបូរណភាពទឹកដី កសាង និងស្ថាបនាជាតិឥតឈប់ឈរជូនជាតិមាតុភូមិ និងប្រជានុរាស្ត្រកម្ពុជា។ ព្រះរាជកម្មវិធីនេះក៏ជាការរំលឹកពីគំរូវីរភាព ប្រកបដោយការគោរពដ៏ខ្ពង់ខ្ពស់ ថ្វាយព្រះមហាករុណាទិគុណដ៏ប្រសើរថ្លៃថ្លា និងប្រកបដោយសេចក្ដីនឹករំលឹកសោកស្ដាយរកអ្វីប្រៀបផ្ទឹមពុំបាន។
• ក្នុងព្រះរាជកម្មវិធីនេះជាប្រវត្តិសាស្ត្រនេះ សម្តេចព្រះរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សា ផ្ទាល់ ព្រះមហាក្សត្រ និងជាព្រះស្ថាបនិកមូលនិធិមុទិតា បានមានសេចក្ដីទូលថ្វាយនូវ ទឹកចិត្តនៃក្តីស្រលាញ់របស់កូនចៅ ចៅទួត ចៅលួត ចំពោះ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដោយមានព្រះរាជបន្ទូលថា៖ «ដើម្បីសម្ដែង នូវមនោសញ្ចេតនា សរណៈដ៏ជ្រាលជ្រៅក្នុងឱកាសដ៏ប្រវត្តិសាស្ត្រនេះ ឱ្យសក្តិសមទៅនឹងព្រះអនន្តគុណ ដែល ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ ព្រះអង្គបានពលីកម្ម កសាង ទុកមកជាឧត្តមប្រយោជន៍ដ៏ធំធេង ចំពោះជាតិ និង ប្រជារាស្ត្រខ្មែរ ផងនោះ ខ្ញុំម្ចាស់ ទូលព្រះបង្គំជាខ្ញុំ ទាំងអស់គ្នា មានមហាកិត្តិយស សូមព្រះបរមរាជានុញ្ញាតលើកថ្វាយព្រះរាជកម្មវិធីនេះ ជាកិច្ចឧទ្ទិសថ្វាយចំពោះ ព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីនឹករលឹក និងជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរ។»
• ជាមួយគ្នានេះ នាទិវាដ៏មហានក្ខត្តឫក្ស វិសេសវិសាល និងជាមង្គលបវរមហាប្រសើរបំផុត ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្ដែងនូវមនោសញ្ចេតនារំភើបរីករាយក្រៃលែង ប្រកបដោយកតញ្ញុតាធម៌ ដ៏ជ្រាលជ្រៅ ចំពោះព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជកម្មវិធី «១០០ ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិ»។
• ឯកឧត្តម បានថ្លែងប្រសាសន៍ថា ទោះ ព្រះករុណា ព្រះបរមរតនកោដ្ឋ បានឃ្លាតចាកទៅអស់រយៈពេល ១០ឆ្នាំហើយក្តី ប៉ុន្តែព្រះមហាវីរភាព និងព្រះមហាគំរូដ៏ឆ្នើមនៅគ្រប់វិស័យ ព្រមទាំងទឹកព្រះទ័យដ៏ល្អប្រពៃ ឧត្តុង្គឧត្តមថ្លៃថ្លារបស់ព្រះអង្គចំពោះប្រជានុរាស្ត្រព្រះអង្គ ឋិតនៅដិតជាប់ជានិច្ចនៅក្នុងឆន្ទៈ មនសិការ និងក្រអៅបេះដូងរបស់ទូលព្រះបង្គំយើងខ្ញុំជាយុវជនទាំងអស់គ្នា ហើយពិតជានឹងនៅស្ថិតស្ថេរគង់វង្សជារៀងដរាបតរៀងទៅ។
• ជាមួយនឹងការថ្លែងពីស្នាព្រះហស្ថឆ្នើមរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីឆន្ទៈក្នុងការរួបរួមរបស់ប្រជាជាតិកម្ពុជា ជាពិសេសយុវជនកម្ពុជាជំនាន់ ក្រោយ ក្នុងការរក្សាសាមគ្គីភាពជាធ្លុងមួយ ដើម្បីការការពារភាពសុខដុមរមនាជូនសង្គមជាតិ និង ប្រជាពលរដ្ឋខ្មែរគ្រប់ជំនាន់តទៅអនាគត ដោយដង្ហែតាមព្រះរាជបណ្ដាំដ៏ថ្លៃថ្លារបស់ ព្រះករុណា
ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គទ្រង់បានមានព្រះរាជបណ្តាំដែលមានអត្ថន័យដោយសង្ខេបថា «ខ្មែររួបរួម ខ្មែរខ្លាំង»។
• សូមជម្រាបជូនដែរថា ព្រះរាជកម្មវិធី ត្រូវបានរៀបចំបែងចែកជាសកម្មភាពចំនួន៣ធំៗគឺ៖ (១)ការយាង និងនិមន្តព្រះសង្ឃគោចរបិណ្ឌបាត្រ នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ខាងមុខព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះមរបរតនកោដ្ឋ (២)ពិព័រណ៍សាទរស្នាព្រះហស្ថព្រះបរមរតនកោដ្ឋ ក្នុងសាលមហោស្រពចតុម្មុខមង្គល និង(៣)ទស្សនីយភាពនៃព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ដែលមានការសម្តែងសិល្បៈទស្សនីយភាព របាំថ្វាយព្រះពរ និងចម្រៀងដែលជាស្នាព្រះហស្ថព្រះរាជនិពន្ធរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានបង្កប់នូវអត្ថន័យ និងកម្រងអនុស្សាវរីយ៍ដ៏សែនជ្រាលជ្រៅថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសុទ្ធសឹងតែជាស្នាព្រះហស្ថដែល ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ទ្រង់សព្វព្រះរាជហឫទ័យនិងព្រះបរមរាជានុញ្ញាតឱ្យមានការសម្តែងក្នុងព្រះរាជសវនាការជាមួយបណ្តាភ្ញៀវជាតិ-អន្តរជាតិ។









