ឥណ្ឌា៖ នគរបាលឥណ្ឌាបានចាប់ខ្លួនមនុស្ស ៩នាក់រួមទាំងអ្នកលក់សំបុត្រ និងក្រុមអ្នកម៉ៅការជួសជុលស្ពាននោះ ខណៈពួកគេស៊ើបអង្កេតការបាក់ស្ពានយោលថ្មើរជើង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣៤នាក់រួមទាំងកុមារជាច្រើននាក់។

រូបភាពកាមេរ៉ាសុវត្ថិភាព មុនពេលស្ពានបាក់បានបង្ហាញពីក្មេងប្រុសជំទង់មួយក្រុមថតរូប ខណៈអ្នកខ្លះទៀតព្យាយាមអង្រួនស្ពានយោលនៅក្នុងស្រុក Morbi ពីចុងស្ពានម្ខាងទៅចុងស្ពានម្ខាងទៀត មុនពេលបាក់ធ្លាក់ចូលទន្លេ ស្របពេលដែលខ្សែកាបិ៍បានដាច់។ ស្ពានសម័យអាណានិគមអង់គ្លេសលើទន្លេ Machchhu មានអ្នកដើរកម្សាន្តពេញស្ពានដែលរីករាយនឹងថ្ងៃឈប់សម្រាក នៅពេលស្ពាននេះបានបាក់កាលពីល្ងាចថ្ងៃអាទិត្យធ្វើឲ្យមនុស្សធ្លាក់ចូលទឹកជម្រៅប្រហែល ១០ម៉ែត្រ។

លោក Ashwin Mehra ដែលកំពុងសម្រាកព្យាបាលជើងបាក់ និងរបួសខ្នងក្នុងឧបទ្ទវហេតុនោះបាននិយាយថា លោក និងមនុស្ស ៦នាក់ទៀតបានហែលទៅដល់ច្រាំងទន្លេ ដោយសារតែតោងចំរឹងដែក និងសំណាញ់ស្ពាន។ លោកបានប្រាប់បណ្ដាញសារព័ត៌មាន ANI ដៃគូរបស់ទូរទស្សន៍ Reuters ថា មានក្មេងប្រុសប្រមាណ ១៥ ទៅ ២០នាក់ដែលមានអាយុចន្លោះពី ២០ ទៅ ២៥ឆ្នាំដែលបានអង្រួនយោគស្ពាននោះ៕
អត្ថបទ៖ សុខមាន