រុស្ស៊ី៖ ប្រទេសរុស្ស៊ីនៅពេលនេះបានប្រកាសបញ្ឈប់ការកេណ្ឌពលរដ្ឋដោយផ្នែក ដើម្បីប្រយុទ្ធនៅក្នុងសង្គ្រាមអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយ នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា រាល់សកម្មភាពកេណ្ឌកម្លាំងដោយផ្នែក រួមទាំងការបញ្ជូនលិខិតកោះអញ្ជើញត្រូវបានផ្អាក។

ក្រសួងនេះបានបន្ថែមថា គ្រប់សកម្មភាពទាំងអស់ទាក់ទងនឹងការកេណ្ឌកម្លាំង សម្រាប់ចូលបម្រើកងទ័ពត្រូវបានផ្អាក។ សេចក្ដីថ្លែងការណ៍នេះបានបន្តថា អង្គភាពយោធានានានឹងទទួលយកតែអ្នកស្ម័គ្រចិត្ត និងអ្នកជាប់កិច្ចសន្យាប៉ុណ្ណោះចាប់ពីពេលនេះទៅ។ ការអត្ថាធិប្បាយជំនួសមុខឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu ក្រសួងនេះបាននិយាយថា ក្រុមមេបញ្ជាការយោធាតំបន់នានា និងកងនាវាខាងជើង (Northern Fleet) ត្រូវបានបញ្ជាឲ្យដាក់របាយការណ៍ ស្ដីពីការបញ្ចប់សកម្មភាពកេណ្ឌកម្មដោយផ្នែកនៅត្រឹមថ្ងៃទី១ ខែវិច្ឆិកា។
ការកេណ្ឌពលរដ្ឋដោយផ្នែក ដើម្បីប្រយុទ្ធនៅក្នុងសង្គ្រាមរបស់ប្រទេសនេះនៅអ៊ុយក្រែន ត្រូវបានគ្របដណ្ដប់ដោយបញ្ហាបណ្ដាលឲ្យផ្ទុះការតវ៉ា និងជំរុញឲ្យក្រុមបុរសៗរត់ចោលស្រុក ចាប់តាំងពីមានសេចក្ដីប្រកាសកាលពីខែកញ្ញាមក៕
អត្ថបទ៖ សុខមាន