កណ្ដាល៖ បណ្តាអាជ្ញាធរមូលដ្ឋាននៅខេត្តកណ្តាល បានបង្កើនការចុះជូនដំណឹងពលរដ្ឋតាមខ្នងផ្ទះ ជម្រុញពលរដ្ឋគ្រប់អាយុ ១៨ឆ្នាំត្រូវទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ ខណៈការត្រួតពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ប្រព្រឹត្តទៅតាមសាលាឃុំសង្កាត់ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូឆ្នាំ២០២២នេះ។
លោក គីម ម៉េង អាជ្ញាធរភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី១ខែវិច្ឆិកានេះថា អាជ្ញាធរគ្រប់ភូមិទាំងអស់បានចុះផ្សព្វផ្សាយចាក់មេក្រូបំពងសំលេងនៅតាមខ្នងផ្ទះតាមភូមិរួចហើយ។ រហូតមកដល់ពេលនេះ មានពលរដ្ឋទើបគ្រប់អាយុមួយចំនួនបានទៅចុះឈ្មោះបោះឆ្នោតរួចហើយ ហើយខ្លះទៀត នៅមិនទាន់បានទៅចុះឈ្មោះ និងទៅត្រួតពិនិត្យផ្ទៀងផ្ទាត់ឈ្មោះរបស់ខ្លួន នៅក្នុងបញ្ជីឈ្មោះបោះឆ្នោត។
ពលរដ្ឋថ្លែងថា ការយឺតយ៉ាវ ការទៅត្រួតពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត គឺដោយសារគេជាប់រវល់ការងារ ហើយខ្លះទៀត មិនទាន់បានធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។
ប្រធានការិយាល័យចុះឈ្មោះឆ្នោតសង្កាត់តាខ្មៅ លោក ព្រីង ថុន បានថ្លែងថា ក្នុងរយៈពេល១២ថ្ងៃនេះ ការិយាល័យបានទទួលពលរដ្ឋគ្រប់អាយុ១៨ឆ្នាំជាច្រើនមកចុះឈ្មោះបោះឆ្នោត ក្នុងនោះ មន្ត្រី បានផ្តល់ការសម្របសម្រួលតាមនីតិវិធី គ.ជ.ប ជាច្រើនទៀតជូនពលរដ្ឋដូចជាការស្នើសុំផ្លាស់ប្តូរទីតាំងបោះឆ្នោត ខ្លះមានអត្តសញ្ញាណបណ្ណហួសសុពលភាព និងខ្លះបាត់អត្តសញ្ញាណបណ្ណជាដើម ដោយធ្វើយ៉ាងណាឲ្យគាត់ទទួលបានសិទ្ធចូលរួមបោះឆ្នោតនិងជិតមូលដ្ឋានគាត់។
សូមបញ្ជាក់ថា ដំណើរការត្រួតពិនិត្យឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ក្នុងរយៈពេល១១ថ្ងៃដំបូង គ.ជ.ប បានទទួលពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង ១៥ម៉ឺននាក់ ឈ្មោះដែលត្រូវលុបចេញពីបញ្ជីឈ្មោះឆ្នោតមានជាង ៩ម៉ឺននាក់ អ្នកកែតម្រូវទិន្នន័យមានជាង ១ម៉ឺននាក់ និងអ្នកផ្ទេរទីលំនៅមានជិត៥ម៉ឺននាក់៕ អត្ថបទ៖ ស៊ុមសុខជា