ចិន៖ ប្រទេសចិនកាលពីថ្ងៃចន្ទបាននិយាយថា ផែនការរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 ដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែររហូតដល់ ៦គ្រឿងទៅកាន់មូលដ្ឋានទ័ពអាកាសនៅភាគខាងជើងប្រទេសអូស្ត្រាលី អាចបង្កឱ្យមានការប្រជែងអាវុធនៅក្នុងតំបន់។

យោងតាមប្រភពដែលដឹងអំពីបញ្ហាបាននិយាយថា ទីតាំងសម្រាប់យន្តហោះទម្លាក់គ្រាប់បែកនឹងត្រូវបានបង្កើតឡើងនៅមូលដ្ឋានទ័ពអាកាស Tindal នៅដាច់ស្រយាលរបស់កងទ័ពអាកាសអូស្ត្រាលី មានចម្ងាយប្រហែល ៣០០គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Darwin ជារដ្ឋធានីនៃដែនដីភាគខាងជើងប្រទេសអូស្ត្រាលី។ នៅពេលដែលត្រូវបានស្នើសុំការអត្ថាធិប្បាយនៅក្នុងសន្និសីទកាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសនានាមិនគួរដាក់គោលដៅលើភាគីទីបីនោះទេ។
លោក Zhao និយាយថា ប្រទេសចិនជំរុញឱ្យភាគីពាក់ព័ន្ធបោះបង់សង្គ្រាមត្រជាក់ចាស់ និងទស្សនៈភូមិសាស្ត្រនយោបាយចង្អៀត ហើយធ្វើការងារបន្ថែមទៀតដើម្បីរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងដើម្បីបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក៕
អត្ថបទ៖ ប៊ុនថន