ភ្នំពេញ៖ ក្នុងរយៈពេលមួយឆ្នាំនៃបើកប្រទេសឡើងវិញ ការប្រកបរបររបស់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ មានភាពល្អប្រសើរជាងមុន។ នេះបើតាមការលើកឡើងរបស់ប្រជាពលរដ្ឋ។
ថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺជាខួប១ឆ្នាំ នៃការបើកប្រទេសឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩បាន តាមរយៈគោលនយោបាយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ស្រោចទៅលើប្រជាពលរដ្ឋ។
សម្រាប់ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញយល់ឃើញថា ក្នុងរយៈពេល១ឆ្នាំនៃការបើកប្រទេសឡើវិញនេះ ការរស់នៅ និងការប្រកបរបរប្រចាំថ្ងៃមានភាពល្អប្រសើរជាងឆ្នាំមុន ព្រោះជំងឺកូវីដ-១៩ មានភាពស្ងប់ស្ងាត់។ លើសពីនេះ ពួកគាត់បានអរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្រ្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋ។
បើតាមសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២២នេះ នឹងបន្តនិន្នាការកើនឡើង ធៀបនឹងកំណើននៅឆ្នាំ ២០២១ ដោយសម្រេចកំណើនក្នុងអត្រាប្រមាណ ៥,៤%, ហើយតាមព្យាករណ៍នៅឆ្នាំ២០២៣ នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ខ្ពស់ជាងឆ្នាំ ២០២២ ដោយគាំទ្រវិស័យសេដ្ឋកិច្ចសំខាន់ៗមួយចំនួនរួមមាន៖ វិស័យឧស្សាហកម្ម វិស័យសេវាកម្ម វិស័យសំណង់ វិស័យទេសចរណ៍ និងវិស័យកសិកម្មជាដើម៕ អត្ថបទ៖ទូច សោភ័ណ