ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្លែងថា រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាជិត៥០ម៉ឺនដុល្លារ ដើម្បីបង្កើតកងរុករក និងសង្គ្រោះជនរងគ្រោះដែលលិចលង់ក្នុងសមុទ្រ ទន្លេ ឬបឹងបួរ។
ការថ្លែងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្ទាប់ពីអញ្ជើញក្នុងទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្យ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈការចូលរួមរបស់សប្បុរសជនឧបត្ថម្ភជាង ២០ម៉ឺនដុល្លា និងថវិកាជាតិ ដោយនឹងបង្កើតកងរុករក និងសង្គ្រោះក្នុងផ្ទៃសមុទ្រ ទន្លេ ឬបឹង។
ក្នុងទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា សម្រាប់កម្ពុជាស្ទើរជារៀងរាល់ឆ្នាំ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ និងគ្រោះមហន្តរាយផ្សេងៗទៀត។
ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តថា ទោះជាយ៉ាងណារាជរដ្ឋាភិបាលបានផ្តល់អាងីភាពលើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយបានពុះពារគ្រប់ឧបសគ្គប្រយុទ្ធលើគ្រប់សមរភូមិម្ចាស់ការបានលើគ្រប់ទិដ្ឋភាព និងគ្រប់កាលៈទេសៈ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បញ្ជាក់ថា មូលបទរួមគ្នា ដើម្បីលើកកម្ពស់តល្យការសកម្មភាពមូលដ្ឋានីយកម្មសម្រាប់ភាពធន់ នឹងគ្រោះមហន្តរាយ ដែលបានប្រារព្ធនាពេលនេះពិតជាសាកសមបំផុតជាមួយនឹងការប្រឈម ដែលកាន់តែកើនឡើងនៃមុខសញ្ញាគ្រោះថ្នាក់ និងការប្រែប្រួលអាកាសធាតុនៅក្នុងពិភពលោក៕ អត្ថបទ សេក ឧត្តម