ហៃទី៖ រយៈពេលច្រើនខែបន្ទាប់ពីក្រុមជនអន្ធពាល បានចូលកាន់កាប់តំបន់មួយចំនួនក្នុងទីក្រុងព័រអូប្រាំង ប្រទេសហៃទី គ្រួសារជាច្រើនដែលត្រូវបានបង្ខំឱ្យបោះបង់ចោលលំនៅឋានរបស់ពួកគេ បន្តរស់នៅក្រោមស្ថានភាពគួរឱ្យព្រួយបារម្ភនៅក្នុងជម្រកដែលពុំមានការកែលម្អនៅទូទាំងរដ្ឋធានី។
អង្គការទេសន្តោប្រវេសន៍អន្តរជាតិ (IOM) របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសុក្រថា មនុស្សប្រមាណ ៩៦,០០០នាក់បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេនៅក្នុងរដ្ឋធានី ប្រទេសហៃទី ខណៈប្រទេសនេះប្រឈមនឹងវិបត្តិ ដែលបានជំរុញឱ្យរដ្ឋាភិបាលស្នើសុំឱ្យដាក់ពង្រាយកងទ័ពបរទេសជាបន្ទាន់។ អង្គការ IOM បាននិយាយថា អំពើហិង្សាជាប់ពាក់ព័ន្ធជាមួយក្រុមជនអន្ធពាល បានបណ្ដាលឱ្យមានការចាប់ជំរិត ឧក្រិដ្ឋកម្ម និងអំពើហិង្សាកាន់តែច្រើន។ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ក្រុមជនអន្ធពាលត្រូវបានគេជឿថា បានគ្រប់គ្រងប្រហែល ៦០% នៃទីក្រុងព័រអូប្រាំង ដោយរំលោភស្ត្រី កុមារ និងវាយធ្វើបាបបុរស ព្រមទាំងដុតបំផ្លាញលំនៅឋាន ខណៈពួកគេប្រយុទ្ធដើម្បីគ្រប់គ្រងទឹកដីបន្ថែមទៀត បន្ទាប់ពីការធ្វើឃាតប្រធានាធិបតីលោក Jovenel Moïse កាលពីខែកក្កដា ឆ្នាំ២០២១។

វាក៏មានការផ្ទុះឡើងជំងឺអាសន្នរោគ ដោយមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីស្ថានភាពមិនល្អ នៅទីជម្រករបស់រដ្ឋាភិបាល ដែលមនុស្សរាប់ពាន់នាក់បានរស់នៅជាច្រើនខែមកហើយ។ យ៉ាងហោចណាស់មានអ្នកស្លាប់ ៤០នាក់ពីករណីសង្ស័យថាជាជំងឺអាសន្នរោគ កើតមានជាង ១,៧០០ករណីត្រូវបានរាយការណ៍ ទោះជាមន្ត្រីសុខាភិបាលជឿថាចំនួននៅគឺខ្ពស់ជាងនេះច្រើន។ អង្គការ IOM បាននិយាយថា ប្រជាជន ១៧,០០០នាក់ផ្សេងទៀតនៅតែគ្មានលំនៅឋានអចិន្ត្រៃយ៍ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧.២រិចទ័របានវាយប្រហារភាគនិរតីប្រទេសហៃទីកាលពីខែសីហា ឆ្នាំ២០២១។ រដ្ឋាភិបាលបានស្នើសុំជំនួយពីកងទ័ពបរទេស បន្ទាប់ពីក្រុមជនអន្ធពាលមានឥទ្ធិពលមួយក្រុមរបស់ប្រទេសហៃទី បានឡោមព័ទ្ធស្ថានីយប្រេងឥន្ធនៈសំខាន់មួយកន្លែង ក្នុងរដ្ឋធានីកាលពីពាក់កណ្តាលខែកញ្ញា ដោយបង្ខំឱ្យស្ថានីយប្រេងឥន្ធនៈ និងអាជីវកម្មសំខាន់ៗត្រូវបិទទ្វារ៕
អត្ថបទ៖ ប៊ុនថន