កោះកុង៖ ក្រុមយុវសិស្សនៅវិទ្យាល័យចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បាននាំគ្នាកែច្នៃត្រឡោកដូងទៅជាគ្រឿងសង្ហារឹមលក់តាមប្រព័ន្ធអនឡាយ ដើម្បីយកថវិកាមកផ្គត់ផ្គង់ការសិក្សា។
យុវសិស្សនៅវិទ្យាល័យចាំយាម បានផ្តើមរួមគ្នាប្រមូលត្រឡោកដូងចាស់ៗគេបោះបង់មកកែច្នៃធ្វើជាគ្រឿងសង្ហារឹមស្អាតគួរឱ្យចាប់អារម្មណ៍ដាក់តាំងលក់តាមប្រព័ន្ធអនឡាយ ទំនេរក្រៅតែពីការសិក្សានៅសាលារបស់ពួកគេ។
ក្នុងចំណោមមិត្តភក្តិចំនួន៦នាក់ យុវជន វីង មុនទ្រី និងយុវតី ដឿន ស្រីវិត លើកឡើងថា ជាង៥ខែមកហើយ ដែលពួកគេមានគំនិតកែច្នៃត្រឡោកទៅជាគ្រឿងសង្ហារឹម ដោយសារតែមូលដ្ឋានរស់នៅសំបូរទៅដោយត្រឡោកដែលគេវាទុកចោល ទើបយកមកកែច្នៃទៅគោមភ្លើង ថូផ្កា ប្រអប់ដាក់ប៊ិច ត្រឡោករបាំ និងឧបករណ៍ម៉ាស្សាបាតជើង។
គំនិតច្នៃប្រឌិតពាសពេញទៅដោយទៅសមត្ថភាពបូករួមការអត់ធ្មត់តស៊ូ ពាក់កណ្តាលខែតុលា កន្លងទៅ យុវសិស្សវិទ្យាល័យចាំយាមទាំង៦នាក់នេះ បានជាប់ចំណាត់ថ្នាក់លេខ១ទូទាំងប្រទេសក្នុងកម្មវិធីទិវាសហគ្រិនកម្ពុជា និងធុរកិច្ចសម្រាប់យុវជនកម្ពុជាឆ្នាំ២០២២ នៅឯវិទ្យាស្ថានបច្ចេកវិទ្យារាជធានីភ្នំពេញ។
លោក ទៅ សុខឃី ជាគ្រូបង្គោលដឹកនាំក្រុមយុវសិស្សជាប់ជ័យលាភីខាងលើ បង្ហាញពីមោទនភាពរបស់ខ្លួនចំពោះយុវជនជំនាន់ចេះមានគំនិតច្នៃប្រឌិតអ្វីដែលថ្មីៗសម្រាប់ជំនាញចំណេះដឹង និងស្វែងរកថវិកាមកដោះស្រាយការរៀនសូត្រ ដោយចំណាយពេលវេលាទំនេរអត់ប្រយោជន៍។
ក្រុមយុវសិស្សវិទ្យាល័យចាំយាម បានផលិតគ្រឿងសង្ហារឹមដែលច្នៃពីត្រឡោកសរុបប្រមាណជិត១០០គ្រឿងមានដូចជា៖ គោមភ្លើង ថូផ្កាតាំងលើតុ ឧបករណ៍ដាក់ប៊ិចខ្មៅដៃ ឧបករណ៍ម៉ាស្សាបាត់ជើង ដោយទទួលបានថវិកាប្រមាណ ៥០០ដុល្លារ អំឡុងពេល៥ខែនេះ ភាគច្រើនមានអតិថិជនបញ្ជាទិញពីហ្វេសប៊ុកឈ្មោះថា «ត្រឡោកទាន់សម័យ Online Shop»។
បើតាមគម្រោងរបស់យុវសិស្សទាំងនេះ ពួកគេត្រៀមកែច្នៃដបទឹកទៅជាគ្រឿងសង្ហារឹមដ៏ទាក់ទាញបន្ថែមទៀត ដើម្បីបង្កើនចំនួនផលិតផលដែលសម្រេចបាន ក៏ដូចជាចំណូលថវិកានៃលក់ចេញ។ តែទោះយ៉ាងណា អាស្រ័យលើពួកគេមានពេលវេលាគ្រប់គ្រាន់នឹងរួមគ្នាធ្វើឱ្យចេញជារូបរាង៕អត្ថបទ៖ ឈឹម មករា