ឧត្ដរមានជ័យ៖ អំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាប្រភេទគ្រឿងយន្ត និងសម្ភារប្រើប្រាស់មួយចំនួនទៀត ត្រូវបាននាំយកទៅ ប្រគល់ជូនកងពលតូចថ្មើរជើងលេខ៤១ ដែលមានទីតាំងក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សម្រាប់ប្រើប្រាស់បំពេញភារកិច្ចជួយប្រជាពលរដ្ឋ និងការពារជាតិ។
អំណោយរបស់អំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួមមាន គោយន្ត និងរ៉ឺម៉កសណ្ដោង ចំនួន៨គ្រឿង-ឈុត ម៉ូតូចំនួន១១គ្រឿង, វិទ្យុទាក់ទង ១៥គ្រឿង/ឈុត និងស័ង្កសី ចំនួន ៧,០០០សន្លឹក ត្រូវបានប្រគល់ជូន កងពលតូចថ្មើរជើងលេខ៤១ ដែលការផ្ដល់សម្ភារប្រើប្រាស់នេះ គឺជាការឆ្លើយតប និងបំពេញសេចក្តីត្រូវ ការចាំបាច់សម្រាប់បម្រើការងារប្រចាំថ្ងៃ ការងារចុះជួយសង្គ្រោះគ្រោះមហន្តរាយជូនប្រជាពលរដ្ឋ និងការងារពង្រឹងវិស័យខឿនការពារជាតិ ។
ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ តាំងនាមឲ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានសម្ដែងនូវការដឹងគុណ និងអរគុណចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបានចំណាយធនធានផ្ទាល់ខ្លួនជួយសម្រួលដល់ការលំបាកខ្វះខាត ដល់កងពលតូចថ្មើរជើងលេខ៤១ ក្នុងស្មារតីជាតិនិយម ការគិតគូរខ្ពស់ពីសុខទុក្ខ និងការដោះស្រាយ បញ្ហាប្រឈមនានា ប្រកបដោយព្រហ្មវិហារធម៌។
ឧត្តមសេនីយ៍ទោ បានចាត់តាំងប្រគល់ជូនដល់បណ្តាលស្ថាប័នកងឯកភាព និងវរសេនាតូចចំណុះយកទៅប្រើប្រាស់ និងបានណែនាំឱ្យយកចិត្តទុកដាក់ក្នុងការថែទាំសម្ភារទាំងអស់នេះ ដោយស្មារតី ទទួលខុសត្រូវខ្ពស់៕អត្ថបទ៖ ឃិន សារិទ្ធ