បាល់ទាត់៖ លោក ខូវ ឆាយ អគ្គលេខាធិការសមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទបានឲ្យដឹងថា មកទល់ពេលនេះដំណើរការជួសជុលកីឡដ្ឋានស្ដាតចាស់ ពិសេសផ្នែកទីលានប្រកួតបាល់ទាត់បានសម្រេចលទ្ធផលប្រមាណ ៥០% ហើយ តែលោករំពឹងថា ការជួសជុលនេះនឹងអាចបញ្ចប់តាមផែនការ ទោះបីរងផលប៉ះពាល់តិចតួចដោយសារវិបត្តិកូវីដ-១៩ ក៏ដោយ។

អគ្គលេខាធិការក្រុមកំពុងឈរលេខរៀងទី៤ នៃលីគរដូវកាលថ្មីនេះបានបញ្ជាក់ថា រយៈពេល ១ខែមកហើយដែលកីឡដ្ឋានស្ដាតចាស់ បានបើកការដ្ឋានជួសជុលដើម្បីកែលម្អទីលានឲ្យកាន់តែស្តង់ដារ និងងាយស្រួលក្នុងការបើកទ្វារផ្ទះស្វាគមន៍ការប្រកួតផ្សេងៗ ហើយដំណើរជួសជុលទៀតសោត បច្ចុប្បន្នបានឈានដល់ការដាំស្មៅធម្មជាតិឡើងវិញផងដែរ បន្ទាប់ពីក្រុមការងារជួសជុលបានបំពាក់នូវប្រព័ន្ធទឹកស្វ័យប្រវត្តិរួចមក។ លោក ខូវ ឆាយ បន្ដថា ដោយសារការជួសជុលនេះ ស្របពេលកម្ពុជាមានវិបត្តិ និងការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ វាបានធ្វើឲ្យប៉ះពាល់តិចតួច ដល់ដំណើរការជួសជុលលើផ្នែកកម្មង់ទិញ និងដឹកជញ្ជូនសម្ភារៈជាដើម។ ប៉ុន្តែក្រុមហ៊ុនទទួលសិទ្ធជួសជុល បានសន្យាចំពោះថ្នាក់ដឹកនាំសមាគម នឹងពន្លឿនការជួសជុលកីឡដ្ឋានស្ដាតឲ្យបានរួចរាល់ តាមផែនការនៅអំឡុងចុងខែមិថុនា ពោលគឺមុនការប្រកួតលីគជើងទី២។
សូមរំឭកថា កីឡដ្ឋានស្ដាតចាស់ដែលបានបើកការដ្ឋានជួសជុល កាលពីដើមខែមីនាកន្លងទៅ ដោយគ្រោងចំណាយថវិកាប្រមាណ ១៥ម៉ឺនដុល្លារជាមួយការបំពាក់នូវប្រព័ន្ធរំដោះទឹក និងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ខណៈទីលានប្រកួតនឹងរក្សាប្រើស្មៅធម្មជាតិ ដែលមានគុណភាពខ្ពស់ដូចទៅនឹងកីឡដ្ឋាន Smart RSN របស់ក្លិបភ្នំពេញក្រោនដែរ ខណៈក្រៅទីលាន ដែលជាកន្លែងកម្ដៅសាច់ដុំនឹងប្រើប្រាស់ស្មៅសិប្បនិម្មិត។ យ៉ាងណាមិញនេះគ្រាន់តែជាផែនការជួសជុលដំណាក់កាលទី១ ខណៈចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ខាងមុខ ក្រុមជើងខ្លាំងមួយនៃលីគកំពូលកម្ពុជានេះ នឹងបន្ដធ្វើការកែលម្អកីឡដ្ឋានស្ដាតចាស់ទ្រង់ទ្រាយធំ ក្នុងដំណាក់កាលទី២ ដោយគ្រោងវាយកៅអីអង្គុយ និងវេទិកាចោល ហើយសាងសង់ឡើងវិញ រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដែលគ្រោងចំណាយថវិកាប្រមាណ ១លានដុល្លារឯណោះ។ នេះបើតាមការបញ្ជាក់របស់លោក ខូវ ឆាយ កាលពីពេលថ្មីៗកន្លងទៅ៕
អត្ថបទ៖ លី ឈុនឡា