ឧត្តរមានជ័យ៖ ប្រជាកសិកររស់នៅចំណុចសង្កាត់បន្សាយរាក ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចាប់ផ្តើមធ្វើការប្រមូលផលស្រូវជាបណ្តើរៗហើយ ខណៈទឹកជំនន់បានស្រកអស់ហើយនោះ ។
នាព្រឹកថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២២ ប្រជាកសិករ បានលើកឡើងថា នៅចុងឆ្នាំ២០២២នេះទឹកជំនន់ដែលរងការជនលិចបង្ករឲ្យមានផលប៉ះពាល់ដល់ផលដំណាំមួយចំនួនតូច នៅតាមមូលដ្ឋាននានាក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ តែមិនបង្ករឲ្យមានផលប៉ះពាល់ខ្លាំងដល់ផលដំណាំកសិកម្មរបស់ពួកគាត់ប៉ុន្មាននោះទេ ស្របពេលទឹកជំនន់បានស្រកទៅវិញនោះ ធ្វើឲ្យដំណាំស្រូវរបស់កសិករមួយចំនួនទទួលបានទិន្នផលល្អប្រសើរទៅវិញ។
ក្នុងនោះដែរលោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ស្រូវរបស់បងប្អូនប្រជាកសិករធ្វើកសិកម្មក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ តាមបណ្តាលមូលដ្ឋានក្នុងក្រុងស្រុកនានាបន្ទាប់ពីទឹកជំនន់ទទួលរងការជន់លិចកន្លងមកបានស្រកអស់ហើយនោះវាមិនបណ្តាលឲ្យមានផលប៉ះពាល់ខ្លាំងនោះទេ។ ផ្ទុយទៅវិញបែរជាហុចផលបែកគុម្ពធំៗទទួលទិន្នផលយ៉ាងល្អប្រសើរទៅវិញ។
លោក បន្តថា សម្រាប់ឆ្នាំ២០២២នេះ ផ្ទៃដីកសិកម្មដំណាំស្រូវសរុបមានចំនួន៩៥ ៧៨៤ហិកតា ស្រូវស្រាល២ ៤៥០ ហិកតា ស្រូវកណ្តាល៨៧ ២២៧ហិកតា ស្រូវធ្ងន់៤ ៣៩២ហិកតា និងស្រូវចំការ១ ៦៦៥ ហិកតា។ ដោយឡែកចំពោះតម្លៃស្រូវក្នុងទីផ្សារបច្ចុប្បន្ន១គីឡូ លក់បានចន្លោះតម្លៃ៨០០រៀល ទៅ១.០០០រៀល ទៅតាមប្រភេទស្រូវ តម្លៃនេះ មិនខុសអីឆ្នាំមុនៗនោះឡើយ៕