ភ្នំពេញ ៖ នាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសម្ពោធបើកពិព័រណ៍ ក្រោមប្រធានបទ «ពុទ្ធប្រវតិ្ត៖ បណ្ណសារគំនូរបុរាណដែលបាត់បង់» នាថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០២២ខាងមុខនេះ នៅសាលពិព័រណ៍នៃសារមនី្ទរជាតិកម្ពុជា។
លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី១ ខែវិចិ្ឆកា ឆ្នាំ២០២២ថា នាយកដ្ឋាននឹងមានរៀបចំកម្មវិធីសម្ពោធពិព័រណ៍ និងការដាក់តាំងពិព័រណ៍មិនអចិន្ត្រៃយ៍នៅក្នុងសារមនី្ទរជាតិកម្ពុជា ឋិតក្រោមវត្តមានលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុងពិព័រណ៍នេះ ជាស្នាដៃសិល្បៈគំនូរបុរាណខ្មែរ មានតាំងពីបរមបុរាណដែលបានបាត់បង់ ហើយកត្តាដែលនាំឲ្យមានការបាត់បង់នេះ គឺបណ្តាលមកពីអគ្គីភ័យ និងការកោសលុប។
លោក ឈឹម សុធី បានបញ្ជាក់ទៀតថា ក្នុងពិព័រណ៍នេះ គឺជាប្រភេទនៃសាច់រឿងពុទ្ធប្រវតិ្ត ក៏ដូចជារឿងជាតក ជាដើម ដែលជាប្រភេទគំនូរបុរាណ ដោយអាចសន្និដ្ឋានបានថាក្នុងទម្រង់មុនព្រះវិហារព្រះកែវ ឬដំណាលនៃព្រះវិហារព្រះកែវ ដែលមានគូរលើក្រណាត់ផាឌឹប និងមានគូរលើជញ្ជាំង។ ក្នុងនោះក្រុមការងារបានថតរូប និងផ្តិតដែលមានទំហំ A-3 សរុបទាំងអស់មានចំនួន៣៥ផ្ទាំង ដើម្បីយកទៅដាក់តាំងលើជញ្ជាំងក្នុងសាលពិព័រណ៍នៃសារមនី្ទរជាតិកម្ពុជា។ ដូច្នេះក៏សូមអញ្ជើញសាធារណជន ក៏ដូចជាសិល្បករ សិស្ស និសិ្សត បានមកចូលរួមទស្សនាពិព័រណ៍ ដើម្បីស្គាល់នូវតម្លៃមរតកបេតិកភណ្ឌវប្បធម៌ជាតិ ដែលបានបាត់បង់ និងនៅសេសសល់ស្លាកស្នាមខ្លះ សម្រាប់ជាភស្តុតាងបន្តទៀត និងជាការចូលរួមខិតខំបន្តរក្សាកេរ្តិ៍ពីដូនតាខ្មែរ ក៏ដូចជាខិតខំប្រឹងប្រែងរៀនសូត្រស្រាវជ្រាវអំពីអ្វីដែលសម្បតិ្តវប្បធម៌ជាតិ ជាពិសេសបានចូលរួមលើកកម្ពស់វិស័យវប្បធម៌ជាតិឲ្យបានគង់វង្ស និងកុំឲ្យមានការបន្តកោសលុប និងបាត់បង់នូវប្រការណាមួយ៕ អត្ថបទ ៖ រដ្ឋា









