
ភ្នំពេញ៖ សមាគមត្រចៀកកាំខ្មែរ បានអំពាវនាវដល់អ្នកចិញ្ចឹមទាំងឡាយគួរទៅចុះបញ្ជីឈ្មោះនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឬចុះជាសមាជិកក្នុងសមាគម ដើម្បីមានទិន្នន័យច្បាស់លាស់ ក្នុងការជួយជំរុញដល់ការនាំចេញទៅក្រៅស្រុក បន្ទាប់ពីផ្គត់ផ្គង់ក្នុងស្រុក។
លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ការអំពាវនាវខាងលើនេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាខិតខំប្រឹងប្រែងបើកច្រកទីផ្សារកាន់តែល្អប្រសើរជាងមុន ជាពិសេសបើកច្រកទីផ្សារប្រទេសចិន ដែលជាឱកាសដ៏ល្អបំផុតសម្រាប់អ្នកប្រកបអាជីវកម្មក្នុងវិស័យនេះ។
លោកបានអះអាងថា ផលិតផលត្រចៀកកាំ មានទីផ្សារល្អ ដោយសារគុណភាពសម្បុកត្រចៀកកាំកម្ពុជាត្រូវគេទទួលស្គាល់ថា មានគុណភាពល្អព្រោះកម្ពុជាមានតំបន់ធម្មជាតិច្រើន និងមិនមានការបំពុលបរិស្ថាន ឬបំពុលបរិយាកាសធ្ងន់ធ្ងរដូចបណ្តាប្រទេសដទៃទេ។ លោកបានឲ្យដឹងនៅរក្សាបានតម្លៃល្អដដែលជុំវិញ ៦០០ដុល្លារ ក្នុង១គីឡូ។
ក្រសួងពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងសៀមិន ប្រទេសចិន កាលពីសប្ហាហ៍មុន បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្ដិការជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ ប្រទេសចិន ក្នុងគោលបំណងស្វែងរកដៃគូផលិត និងផ្គត់ផ្គង់ផលិតផលសំបុកត្រចៀកកាំ, ជំរុញឱ្យមានការបើកច្រកពាណិជ្ជកម្ម លើផលិតផលទឹកមាត់ ត្រចៀកកាំរវាងកម្ពុជា និងចិន និងពង្រឹងបណ្តាញធុរកិច្ច តាមរយៈការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មផ្សេងៗ ដូចជា វេទិការធុរកិច្ច ជំនួបពាណិជ្ជកម្ម និងការចូលរួមពិព័រណ៍ពាណិជ្ជកម្មនានាជាដើម៕ អត្ថបទ៖ បូរ៉ាវី




