
ភ្នំពេញ៖ ខួបមួយឆ្នាំនៃការបើកប្រទេសឡើងវិញគឺយើងចង់ចាំជានិច្ចវត្តមានរបស់សម្តេចតេជោ ដែលបានជួយឲ្យប្រជាពលរដ្ឋរួចផុតពីការសម្លាប់ដោយសារជំងឺកូវីដ-១៩។
តាមរយៈអត្ថបទមួយសរសេរ ដោយលោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលហៅកាត់ថា គ.វ.ក-១៩ ផ្សព្វផ្សាយ នៅថ្ងៃទី១ ខែវិច្ឆិកានេះ បានបរិយាយថា ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ គឺជាថ្ងៃដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបើកដំណើរការប្រទេសឡើងវិញ បន្ទាប់ពីការរាតត្បាតជាសាកលនៃវីរុសកូវីដ-១៩ ចាប់តាំងពីការរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ដំបូងគេ នៅខេត្តព្រះសីហនុ និងស្ថិតនៅក្នុងពេលដែលប្រទេសកម្ពុជា បានទទួលចំនួនអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ដល់គោលដៅ១០លាននាក់ សម្រាប់ក្រុមអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលជាគោលដៅបានដាក់ចេញ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះមានលោកយាយ-លោកតា ដែលមានអាយុពី ១០០ឆ្នាំឡើង មានចំនួន ១៤៩នាក់ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ផងដែរ។
ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ គឺជាថ្ងៃគម្រប់មួយឆ្នាំនៃការបើកដំណើរការសេដ្ឋកិច្ច-សង្គមកម្ពុជា ឡើងវិញ ហើយក៏ជាថ្ងៃដែលយើងទាំងអស់គ្នា បានចងចាំថា "វត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាអាយុជីវិតរបស់យើងទាំងអស់គ្នា ប្រសិនបើគ្មានសម្ដេចតេជោដឹកនាំទេនោះ យើងទាំងអស់គ្នា នឹងមិនអាចបានរួចផុតពីការសម្លាប់ ដោយសារជំងឺកូវីដ-១៩ វាយលុកខ្លាំងក្លាដែរ ហើយពេលវេលានេះ ក៏អាចចាត់ទុកបានដែរថា គឺ ជាការជួយសង្គ្រោះអាយុជីវិតលើកទី២ បន្ទាប់ពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងការផ្តល់នូវការយកចិត្តទុកដាក់ខ្ពស់បំផុតដល់ការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា រួមទាំង ជនបរទេសជាច្រើននាក់ ដែលកំពុងស្នាក់នៅលើទឹកដីកម្ពុជា នាសម័យកូវីដ-១៩។
ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ជាថ្ងៃដែលប្រជាជនទាំងអស់ បានវិលត្រឡប់ទៅរកការរស់នៅធម្មតាក្នុងប្រក្រតីភាពថ្មី ក្នុងបរិបទ បន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូតមកដល់បច្ចុប្បន្ននេះ។ ដូច្នេះ យើងខ្ញុំទាំងអស់គ្នាសូមចងចាំនូវ គុណូបការៈដែលមិនអាចកាត់ថ្លៃបានក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាទាំង២លើក គឺលើកទី១ នៅថ្ងៃ ៧មករា ឆ្នាំ១៩៧៩ និងលើកទី២ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រមទាំងបន្តគាំទ្រការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអ្នកបន្តវេនដ៏មានសក្តានុពល គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពបន្តវេននាយករដ្ឋមន្ត្រី នៅគ្រប់កាលៈទេសៈ និងជារៀងរហូតតទៅ។
សំណេរលោកជំទាវឱ វណ្ណឌីនបន្តទៀតថា សូមបងបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំភ្លេចថា វីរុសកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយពីយើងនោះទេ។
វីរុសអូមីក្រុងកំពុងតែបន្តបម្លែងខ្លួនជាច្រើនជំនាន់ទៅហើយៗ ក្នុងពេលថ្មីៗនេះ ក៏មានការរកឃើញវីរុសអូមីក្រុងបម្លែងថ្មីឈ្មោះថា XBB ដែលកំពុងតែឆ្លងនៅតាមបណ្តាប្រទេសចំនួន ៣៥ប្រទេស និង BQ1 ចំនួន ៦៥ប្រទេសទៅហើយមកទល់ពេលនេះ។ ដូច្នេះ សូមបងប្អូនទាំងអស់ បន្តប្រុងប្រយ័ត្ន ដោយអនុវត្តវិធានការការពារ ជាពិសេស ៣ការពារ និងទៅទទួលយកវាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ ទី៤ និងទី៥ ឱ្យបានគ្រប់ៗគ្នា ដើម្បីរក្សាបាននូវភាពស៊ាំបុគ្គល និងភាពស៊ាំសហគមន៍ ធានាបាននូវនិរន៍ភាពនៃការរស់នៅប្រចាំថ្ងៃក្នុងប្រក្រតីភាពថ្មីរបស់បងប្អូនបានយូរអង្វែងតទៅ៕ អត្ថបទ៖ទូច សោភ័ណ


