ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា ជនជាតិខ្មែរ ៣នាក់ទៀត បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩កាលពីថ្ងៃម្សិលមិញនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣៣នាក់ហើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងសុខាភិបាលនិយាយថា ស្ត្រីជនជាតិខ្មែរម្នាក់អាយុ ៧៩ឆ្នាំ ដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ក្នុងខណ្ឌមានជ័យ បានស្លាប់ម៉ោង១រសៀលថ្ងៃម្សិលមិញនេះនៅឯមន្ទីរពេទ្យហ្លួងម៉ែ។
បើតាមក្រសួងសុខាភិបាល ស្ត្រីរូបនេះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែកាលពីថ្ងៃទី៣០ ខែមីនា ទាំងអាការៈក្អក និងហត់ខ្លាំង ក្រោយពីរកឃើញឆ្លងមេរោគកូវីដ១៩។
ចំណែកឯស្ត្រីខ្មែរមួយរូបទៀតអាយុ ៥៩ឆ្នាំ ដែលរស់នៅក្នុងសង្កាត់បឹងសាឡាង នៃខណ្ឌទួលគោក ត្រូវបានក្រសួងសុខាភិបាលបញ្ជាក់ថា បានស្លាប់នៅម៉ោង ១២:៣០នាទីឈានចូលថ្ងៃទី១៣ ខែមេសា នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងបញ្ជាក់ថា ស្ត្រីរូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃទី១០ ខែមេសា ទាំងអាការៈហត់ដង្ហក់ខ្លាំង ហើយលទ្ធផលពិនិត្យសំណាករបស់គាត់ បានបង្ហាញថា គាត់បានឆ្លងមេរោគកូវីដ១៩។
រីឯបុរសខ្មែរម្នាក់ទៀតអាយុ ៥៧ឆ្នាំ ដែលរស់នៅក្នុងសង្កាត់ទួលសង្កែ នៃខណ្ឌឫស្សីកែវ ក្រសួងបញ្ជាក់ថា បានស្លាប់នៅព្រឹកថ្ងៃម្សិលមិញនេះនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងបញ្ជាក់ថា បុរសរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃម្សិលមិញនេះទាំងស្ថានភាពបាត់បង់ជីវិតរួចហើយ មុននឹងលទ្ធផលពិនិត្យសំណាករបស់គាត់បង្ហាញថា គាត់បានឆ្លងមេរោគកូវីដ១៩។
គិតមកដល់ថ្ងៃនេះ មនុស្សសរុបដល់ទៅ ៣៣នាក់ហើយបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ចាប់តាំងពីថ្ងៃដែលករណីស្លាប់ដំបូងត្រូវបានប្រកាសនៅថ្ងៃទី១១ ខែមីនាកន្លងមកនេះ៕
