
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង វេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀងអាសិប (RCEP)។
វេទិកានេះ នឹងត្រូវបានរៀបចំឡើង ដើម្បីរំលឹកឡើងវិញនូវដំណើរ នៃអាសិប (RCEP) និងការសម្ពោធសៀវភៅទី២ របស់វិទ្យាស្ថាន ERIA ស្តីពីកិច្ចព្រមព្រៀង អាសិបក្រោមមូលបទ «ថាមវន្តនៃតំបន់អាស៊ីបូព៌ា និងកិច្ចព្រមព្រៀងអាសិប ក្នុងក្របខ័ណ្ឌសម្រាប់សមាហរណកម្មតំបន់» ដែលវេទិកានេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងញ៉ាំងឱ្យកិច្ចព្រមព្រៀងអាសិប កាន់តែមានសារសំខាន់ ក្រោយចូលជាធរមានកាលពីដើមឆ្នាំ២០២២ នេះ បន្ទាប់ពីកិច្ចចរចា យ៉ាងស្វិតស្វាញជិត១០ឆ្នាំ ក្រោមគោលការណ៍ណែនាំ កំណត់ដោយ សេចក្តីថ្លែងការណ៍រួម ស្តីពីការបើកការចរចាកិច្ចព្រមព្រៀងអាសិប អនុម័តតាំងពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ៕