ភ្នំពេញ៖ថ្ងៃទីពីរនៃ ព្រះរាជពិធី «១០០ ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ប្រារព្ធឡើងនៅរាត្រីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នាសាលមហោស្រពចតុម្មុខមង្គល រាជធានីភ្នំពេញ។
សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ស្ថាបនិកមូលនិធិមុទិតា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានយាង និងអញ្ជើញជាគណៈអធិបតីនៃកម្មវិធីព្រះរាជពិធី «១០០ ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» និងមានវត្តមានក្នុងព្រះរាជពិធីនេះដែរ រួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. មូលនិធិមុទិតា និងភ្ញៀវកិត្តិយស ជាច្រើនរូបផងដែរ។
មានព្រះសុវណ្ណីយ៍ទៅកាន់អង្គពិធី សម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី បានលើកឡើងអំពីគោលបំណងនៃការរៀបចំព្រះរាជពិធី គឺដើម្បីជាការឧទ្ទិសថ្វាយ ព្រះបរម វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីនឹករលឹក និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរ ដែលព្រះអង្គបានពលីកម្ម កសាង ទុកមកជាឧត្តមប្រយោជន៍ដ៏ធំធេង ចំពោះជាតិ និង ប្រជារាស្រ្តខ្មែរទាំងមូល។
ក្នុងព្រឹត្តិការណ៍ដ៏មានតម្លៃជាប្រវត្តិសាស្ត្រនេះ យុវជន យុវនារី ដែលជាសមាជិក សមាជិកា ស.ស.យ.ក. និង មូលនិធិមុទិតា បានសម្តែងនូវក្តីសោមនស្ស និងរំភើបជាពន់ពេកដែលបានមកទស្សនាការពិព័រណ៍ ព្រះបរមឆាយាល័ក្ខណ៍ ព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជសកម្មភាពសំខាន់ៗជាប្រវត្តិសាស្ត្រពេញមួយព្រះជន្មរបស់ព្រះអង្គ ព្រមទាំងទស្សនាការសម្តែងទស្សនីយភាពចម្រុះ ដែលដកស្រង់ចេញពីស្នាព្រះហស្ថព្រះរាជនិពន្ធ រួមបញ្ចូលជាមួយភាពច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់សិល្បករ សិល្បការិនីជើងចាស់ និងយុវសិល្បករជំនាន់ថ្មី។ កិច្ចខិតខំប្រឹងប្រែងរបស់សិល្បករ សិល្បការិនីទាំងអស់បានបង្កប់នូវស្មារតីចងចាំ ប្រកបដោយអត្ថន័យជ្រាលជ្រៅថ្វាយ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ៕(ដោយ៖ រដ្ឋា)

















