បាល់ទះ៖ ថ្មីៗនេះមានករណីអាជ្ញាធរចុះរុះរើតារាងបាល់ទះមួយកន្លែង ស្ថិតនៅភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បន្ទាប់ពីទទួលបានដំណឹងពីប្រជាពលរដ្ឋថា តារាងបាល់ទះនេះមានការប្រកួតភ្នាល់លុយខ្ទប់ពាន់ដុល្លារដែលបង្កឲ្យមានការចាប់អារម្មណ៍ និងមានមតិជាច្រើនបានជជែកលើបណ្ដាញសង្គម ដោយមានមតិខ្លះបានគាំទ្រការអនុវត្តរបស់អាជ្ញាធររដ្ឋបាលស្រុកសាមគ្គីមានជ័យ ខណៈមតិខ្លះហាក់មិនពេញចិត្តការអនុវត្តបែបនេះឡើយ។

ជុំវិញករណីនេះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏បានសម្ដែងការស្ទាក់ស្ទើរក្នុងការគាំទ្រចំណាត់ការរបស់រដ្ឋបាលស្រុកសាមគ្គីមានជ័យផងដែរ។ លោកថា លោកមិនគាំទ្រដាច់ខាតការបង្កប់ល្បែងស៊ីសងក្រោមរូបភាពកីឡា ដូចជាការបើកតារាងបាល់ទះ តែក្រោយផ្ទះមានលេងបៀរ ឬអាប៉ោងជាដើម។ ប៉ុន្ដែអាជ្ញាធរគួរមានឥរិយាបថទន់ភ្លន់ជាងនេះ ដែលអាចធ្វើការជូនដំណឹង ឬណែនាំមុនក្នុងករណីសង្ស័យ មុនឈានទៅអនុវត្តវិធានការរុះរើ។ មន្ដ្រីជាន់ខ្ពស់នៃស្ថាប័នកីឡាជំនាញ និងជាអាជ្ញាធរមួយរូបផងនោះ លោកបានបន្ដថា និយាយពីច្បាប់ គ្រប់រូបភាពនៃការភ្នាល់មិនថាលេងកីឡា ឬភ្នាល់ត្រឹម ១០០រៀលនោះទេសុទ្ធតែជាល្បែងស៊ីសង។ តែក្នុងករណីគួរតែមានការថ្លឹងថ្លែង ព្រោះពេលខ្លី ប្រជាពលរដ្ឋច្រើនយកទម្លាប់លេងចេញតុង (សេវាតាមតារាង) ឬលេងដាក់ទឹកសុទ្ធដើម្បីជំរុញឲ្យមានការលេងកីឡា ដើម្បីសុខភាព ស្របតាមយុទ្ធនាការរបស់រាជរដ្ឋាភិបាល ដែលជំរុញឲ្យប្រជាជនម្នាក់ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត។
យ៉ាងណាមិញត្រឡប់ទៅកាន់អាជ្ញាធរដ្ឋបាលស្រុកសាមគ្គីមានជ័យនាខេត្តកំពង់ឆ្នាំង បន្ទាប់ពីមានមតិរិះគន់មួយចំនួនក៏បានធ្វើការបំភ្លឺផងដេរថា គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានទទួលដំណឹងពីប្រជាពលរដ្ឋបានរាយការណ៍ថា កន្លែងលេងបាល់ទះ ១កន្លែងនៅទីតាំងនោះមានការភ្នាក់ដាក់ប្រាក់រហូតដល់ជិតមួយពាន់ដុល្លារ។ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបានចុះធ្វើកិច្ចសន្យា និងណែនាំអប់រំដល់ម្ចាស់តារាងបាល់ទះឈ្មោះ កែវ ណរី ស្ថិតនៅភូមិមានកកើត ឃុំត្បែងខ្ពស់ ឈប់ឲ្យមានការភ្នាក់ ចំពោះកីឡាដែលលេងដើម្បីសុខភាព គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពុំមានការហាមឃាត់នោះទេ មានតែលើកស្ទួយដល់វិស័យកីឡាបន្ថែមទៀត៕
អត្ថបទ៖ លី ឈុនឡា