កូរ៉េខាងជើង៖ ស្របពេលមានការគំរាមកំហែងពីកូរ៉េខាងជើង កងកម្លាំងរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបន្តធ្វើសមយុទ្ធយោធានៅតាមព្រំដែនកូរ៉េ។ ជាការតវ៉ា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់។ ប៉ុន្តែសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនៅតែបន្តសមយុទ្ធយោធារួមគ្នា យ៉ាងគគ្រឹកគគ្រេងដោយមិនខ្វល់អ្វីទាំងអស់។ ទោះយ៉ាងណា កងកម្លាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចាប់ផ្ដើមសមយុទ្ធរួមគ្នាធំបំផុតកាលពីម្សិលមិញ។

យន្តហោះរាប់រយគ្រឿងមកពីកងកម្លាំងអាកាសនៃប្រទេសទាំង២ ត្រូវបានរួមគ្នានៅក្នុងការធ្វើសមយុទ្ធទាំងយប់ទាំងថ្ងៃ។ នៅក្នុងស្ថានភាពនេះ កូរ៉េខាងជើងបានចេញការព្រមានជាសាធារណៈថា កូរ៉េខាងជើងនឹងសងសឹកសហរដ្ឋអាមេរិកវិញយ៉ាងធ្ងន់ធ្ងរ បើមិនបញ្ឈប់សមយុទ្ធសង្គ្រាមរួមគ្នាជាមួយកូរ៉េខាងត្បូងទេនោះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញដោយក្រសួងការបរទេសកូរ៉េខាងជើងនិយាយថា ប្រសិនបើសហរដ្ឋអាមេរិកមិនចង់បានការវិវឌ្ឍន៍ធ្ងន់ធ្ងរ ដែលមិនស្របទៅនឹងផលប្រយោជន៍សន្តិសុខរបស់ខ្លួនទេនោះ ត្រូវតែបញ្ឈប់សមយុទ្ធយោធាឥតប្រយោជន៍នេះភ្លាម។ បើពុំនោះទេនឹងត្រូវទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកទាំងអស់។ ប្រសិនបើសហរដ្ឋអាមេរិកបន្តចូលរួមក្នុងសកម្មភាពបង្ករឿងខាងយោធាពេញបន្ទុកបែបនេះទៀត កូរ៉េខាងជើងនឹងចាត់វិធានការសងសឹកកាន់តែធ្ងន់ធ្ងរថែមទៀត យើងនឹងធ្វើ៕
អត្ថបទ៖ សុខមាន