អូឡាំពិក៖ បណ្ដាសមាជិកគណៈកម្មាធិការអូឡាំពិកអាស៊ី (OCA) បានសម្ដែងការកោតសរសើរចំពោះការជំរុញចលនាស្ដ្រីក្នុងវិស័យកីឡា តាមរយៈការធ្វើបទបង្ហាញរបស់មន្ដ្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងសិក្ខាសាលាស្តីពីសមភាពយែនឌ័រក្នុងវិស័យកីឡា Olympic Council of Asia Gender Equity seminar នៅប្រទេសបារ៉ែនកាលពីដើមសប្ដាហ៍កន្លងទៅ។
នេះបើតាមការបញ្ជាក់របស់លោក ញ៉ាន សុខវិសាល ប្រធាននាយកដ្ឋានទំនាក់ទំនងកិច្ចការអន្ដរជាតិ បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ចូនរូបលោក រួមជាមួយលោកស្រី ប្រាក់ សម្ផស្ស អនុប្រធានគណៈកម្មការស្ដ្រី និងកីឡា ចូលរួមសិក្ខាសាលាស្តីពីសមភាពយែនឌ័រក្នុងវិស័យកីឡារយៈពេល ២ថ្ងៃកាលពីថ្ងៃទី៣០ និងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ លោកថា សិក្ខាសាលានេះមានប្រតិភូមកពី ៤២ប្រទេសទ្វីបអាស៊ីចូលរួម ប៉ុន្ដែមាន ៤ប្រទេសប៉ុណ្ណោះដែលត្រូវបានជ្រើសរើសឲ្យធ្វើបទបង្ហាញ ក៏ដូចជាចែករំលែកពីចលនាស្ដ្រីក្នុងវិស័យកីឡាតាមបណ្ដាប្រទេសរបស់ខ្លួន ក្នុងនោះគឺមានកម្ពុជា ប៊ូតាន ម៉ុងហ្គោលី និងម្ចាស់ផ្ទះបារ៉ែន។
ប្រធាននាយកដ្ឋានទំនាក់ទំនងកិច្ចការអន្ដរជាតិដដែលបន្ដថា ការធ្វើបង្ហាញរបស់ខ្លួនក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានផ្ដោតការយកចិត្តទុកដាក់លើការលើកកម្ពស់ស្ដ្រី របៀបយ៉ាងម៉េចក្នុងចលនាអូឡាំពិក ពិសេសកំឡុងពេលកូវីដ-១៩។ ក្នុងនោះកម្ពុជាក៏បានរៀបចំសិក្ខាសាលារបស់ស្ដ្រីផងដែរ អំឡុងវិបត្តិសកលនោះដោយរៀបចំឲ្យលោកស្រី ស៊ន សៀវម៉ី និងកញ្ញា ហែមថុន វិទិនី ចែករំលែក លើកទឹកចិត្ត និងបង្ហាញនូវរបៀបហាត់ប្រាណមួយចំនួន ដើម្បីឲ្យប្រជាពលរដ្ឋហាត់ប្រាណជាប្រចាំ តាមការណែនាំរបស់ខ្លួនកំឡុងពេលបិទខ្ទប់នៅផ្ទះដោយសារវិបត្តិកូវីដ-១៩ នោះ»។ តាមរយៈការធ្វើបទបង្ហាញរបស់យើងនេះ កម្ពុជាបានទទួលការកោតសរសើរពីបណ្ដាប្រទេសជាមិត្តក្នុងទ្វីបអាស៊ីទាំងអស់ថា កម្ពុជាធ្វើបទបង្ហាញបានយ៉ាងល្អ ពិសេសគឺការជំរុញចលនាស្ដ្រីក្នុងវិស័យកីឡានេះតែម្ដង។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ញ៉ាន សុខវិសាល៕
អត្ថបទ៖ លី ឈុនឡា