ប្រេស៊ីល៖ នគរបាលបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក លើក្រុមអ្នកគាំទ្រលោកប្រធានាធិបតីប្រេស៊ីល Jair Bolsonaro ដែលបានចាញ់ការបោះឆ្នោត បន្ទាប់ពីពួកគេបានបិទផ្លូវសំខាន់មួយទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Guarulhos របស់ទីក្រុង Sao Paulo កាលពីថ្ងៃអង្គារ។

ក្រុមអ្នកតវ៉ាគាំទ្រលោក Bolsonaro បានបិទផ្លូវដោយបង្កើតគំនរកង់រថយន្ត នៅលើផ្លូវហាយវ៉េមួយនៅក្នុងតំបន់ Vrzae Grande នៃរដ្ឋ Mato Grosso state ដែលជារដ្ឋផលិតគ្រាប់ធញ្ញជាតិដ៏សំខាន់មួយ។ នគរបាលប្រេស៊ីលបានចាប់ផ្ដើមបំបែកការតវ៉ារាប់រយកន្លែង បង្កើតឡើងដោយក្រុមអ្នកគាំទ្រលោក Jair Bolsonaro បោសសម្អាតផ្លូវហាយវ៉េ និងផ្លូវផ្សេងៗដែលត្រូវបានបិទទូទាំងប្រទេស ក្នុងការតវ៉ាទៅនឹងការបរាជ័យរបស់លោកប្រធានាធិបតីរូបនេះ នៅក្នុងការបោះឆ្នោតសកលដ៏សំខាន់មួយនេះ។
លោក Bolsonaro បានចាញ់ការបោះឆ្នោតដ៏ប្រកៀកប្រកិតជាមួយលោក Luiz Inácio Lula da Silva ប៉ុន្តែលោកពុំទាន់ទទួលយកការបរាជ័យ ឬចេញសេចក្ដីថ្លែងការណ៍ណាមួយអំពីការបរាជ័យ ឬការផ្ទេរអំណាចនៅឡើយ។ ទោះយ៉ាងក៏ដោយក្រុមអ្នកគាំទ្ររបស់លោកបានតវ៉ាថា មានការលួចបន្លំសន្លឹកឆ្នោត ទោះបីមិនអាចផ្ដល់ភស្តុតាងនៃការប្រព្រឹត្តខុសណាមួយក៏ដោយ និងបានដុតកង់រថយន្ត និងចតរថយន្តពាសពេញផ្លូវហាយវ៉េកាលពីថ្ងៃចន្ទ បង្កឲ្យមានភាពចលាចល៕
អត្ថបទ៖ សុខមាន