ភ្នំពេញ៖ សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសនៅថ្ងៃទី២ ខែធ្នូនេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ នឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូខាងមុខ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសពីកាលបរិច្ឆេទចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ក្នុងវេទិកាជាន់ខ្ពស់ ស្តីពីគម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងការប្រកាសជាផ្លូវការនៃសៀវភៅទី២ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA)នៅថ្ងៃទី២ ខែ វិច្ឆិកា ។
រាជរដ្ឋាភិបាលកម្ពុជានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកាលពីខែកុម្ភៈ ហើយរដ្ឋាភិបាលកូរ៉េខាតត្បូង បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរួចរាល់ កាលពីខែតុលាកន្លងទៅ។
នៅពេលអនុវត្តពេញលេញ កិច្ចព្រមព្រៀងនេះ នឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនឱកាសការងារ ព្រមទាំងជួយស្តារសេដ្ឋកិច្ចឡើងវិញ របស់ប្រទេសទាំងពីរ ដែលបានទទួលរងផលប៉ះពាល់ជំងឺកូវីដ-១៩ ដោយនឹងពង្រីកការធ្វើសេរីភាវូបនីយកម្មទីផ្សារ។
បច្ចុប្បន្នការនាំចេញទំនិញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េភាគច្រើនជាផលិតផលកសិកម្ម និងផលិតផល សំលៀកបំពាក់, វាយនភណ្ឌ, ស្បែកជើង, កង់, សម្ភារៈធ្វើដំណើរ - កាបូបយួរ, គ្រឿងបង្គុំ, គ្រឿងបន្លាស់ ជាដើម។
ចំណែកទំនិញដែលកម្ពុជានាំចូលពីកូរ៉េវិញរួមមាន សម្ភារៈអេឡិចត្រូនិក, រថយន្ត, គ្រឿងចក្រសំរាប់បម្រើឱ្យវិស័យសំណង់ និងវិស័យកសិកម្ម, វត្ថុធាតុដើមក្រណាត់ និង ស្បែកកែច្នៃ, ផលិតផលរក្សាសម្ផស្ស (Cosmetics), អាហារ- គ្រឿងទេស, សម្ភារៈសំណង់, គ្រឿងបន្លាស់...។
សូមជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េមានប្រមាណ ៨១៨លានដុល្លារ ក្នុងរយៈពេល ៩ខែឆ្នាំ ២០២២នេះ។ ក្នុងនោះការនាំចេញទំនិញកម្ពុជា ទៅប្រទេសកូរ៉េ មានតម្លៃជាង ៣០១ លានដុល្លារ ខណៈកូរ៉េនាំទំនិញចូលកម្ពុជាវិញមានតម្លៃជាង ៥០៥លានដុល្លារ។ នេះបើតាមរបាយការណ៍សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) ៕អត្ថបទ៖ ជា វណ្ណៈ





