ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាជាប្រទេសបើកជំហរសេដ្ឋកិច្ចខ្ពស់ ដោយបានផ្តល់តម្លៃខ្លាំងលើប្រព័ន្ធពហុភាគីនិយមផ្អែកលើវិធានច្បាប់ជាគោលការណ៍ និងការធ្វើសមាហរណកម្មសសេដ្ឋកិច្ចតំបន់ និងសកល។
ថ្លែងក្នុងពិធីវេទិកាជាន់ខ្ពស់ ស្តីពីគម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងការប្រកាសជាផ្លូវការនៃសៀវភៅទី២ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) នៅថ្ងៃទី២ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅក្រោមការអនុវត្តពេញលេញនៃអាសិប ផលិតផលក្នុងស្រុកសរុបកម្ពុជា អាចនឹងកើនឡើងបន្ថែមប្រមាណពី ២ភាគរយ ទៅ៣.៥ភាគរយ។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា ក្រៅពីអាសិប កម្ពុជា ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលចូលធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូខាងមុខ។
ទន្ទឹមនឹងនេះសម្តេចតេជោ បញ្ជាក់ថា កម្ពុជាកំពុងបន្តពិនិត្យលទ្ធភាពធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសដទៃផ្សេងទៀត។
គួរបញ្ជាក់ អាសិប ត្រូវបានប្រកាសឱ្យចាប់ផ្តើមចរចាកាលពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ដែលកម្ពុជាជាប្រធាន ហើយនៅឆ្នាំ២០២២ ការប្រកាសចរចាកិច្ចព្រមព្រៀងអាសិបចូលជាធរមានស្របពេលដែលកម្ពុជាជាប្រធានអាស៊ានជាថ្មីម្តងទៀតនៅឆ្នាំ២០២២៕ អត្ថបទ៖ វណ្ណៈ






