ភ្នំពេញ៖ លោក ម៉ក់ ហឺន ប្រជាពលរដ្ឋខ្មែរ-អាម៉េរិក និងជាអ្នកវិភាគបញ្ហានយោបាយ និងសង្គម រស់នៅសហរដ្ឋអាម៉េរិក បានសម្តែងការស្ងប់ស្ងែងជាខ្លាំងក្រោយពីឃើញការអភិវឌ្ឍជឿនលឿនរបស់កម្ពុជា។
ចំពោះភាពស្ងប់ស្ងែងរបស់លោក ម៉ក់ ហឺន ធ្វើឡើងក្នុងពេលអញ្ជើញប្រគល់អំណោយអាវពោងជាង១ពាន់អាវជូនមកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
លោក ម៉ក់ ហឺន បានប្រាប់BTVថា បន្ទាប់ពីលោកបានមកដល់កម្ពុជា ឃើញថា សន្តិភាព និងការអភិវឌ្ឍអគារស្កឹមស្កៃលើសពីការរំពឹង និងផ្ទុយពីការបំភ្លៃរបស់អ្នកនយោបាយមួយចំនួនតូចនៅក្រៅប្រទេស។
លោក ម៉ក់ ហឺន បានលើកឡើងទៀតថា ការធ្វើដំណើរមកកម្ពុជានាពេលនេះ និងក្នុងនាមប្រជាពលរដ្ឋខ្មែរម្នាក់នៅក្រៅប្រទេស គឺប្រជាពលរដ្ឋគ្រប់រូបត្រូវយកចិត្តទុកដាក់ ដើម្បីមើលឃើញពីប្រទេសរបស់ខ្លួន ជាជាងជឿទៅលើការបំបោងរបស់អ្នកនយោបាយមួយក្តាប់តូច។
លោក ម៉ក់ ហឿន បន្តថា លោកនិងក្រុមគ្រួសារនឹងចូលរួមចុះឈ្មោះបោះឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ ដើម្បីជ្រើសរើសមេដឹកនាំសម្រាប់កូនចៅជំនាន់ក្រោយ។
គួរបញ្ជាក់ថា លោក ម៉ក់ ហឺន ជាប្រជាពលរដ្ឋខ្មែរ-អាម៉េរិកកាំង និងជាអ្នកវិភាគបញ្ហានយោបាយ និងសង្គមខ្មែរ នៅសហរដ្ឋអាម៉េរិក ដែលតែងសម្តែងការរិះគន់ទៅលើរាជរដ្ឋាភិបាល ដើម្បីស្ថាបនា៕ អត្ថបទ៖ សេក ឧត្តម