ឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានទាមទារឲ្យចងចាំនូវបទពិសោធន៍ ខណៈលោកបានចុះពិនិត្យកន្លែងបាក់ស្ពានដែលបានបណ្តាលឲ្យមនុស្ស ១៣៥នាក់ស្លាប់ និងបានជួបជាមួយអ្នករងរបួសមួយចំនួននៅមន្ទីរពេទ្យកាលពីថ្ងៃអង្គារ។

ស្ពានយោលសម័យអាណានិគមឆ្លងកាត់ទន្លេ Macchchhu ត្រូវបានប្រមូលផ្តុំទៅដោយអ្នកទស្សនាជាច្រើននៅពេលដែលស្ពាននេះបានបាក់។ មនុស្សជាច្រើនបានស្ថិតក្នុងទីក្រុងដើម្បីប្រារព្ធពិធីបុណ្យ Diwali និង Chhath Puja នៅពេលដែលស្ពានបានបាក់នៅល្ងាចថ្ងៃអាទិត្យ ដោយបានធ្វើឲ្យមនុស្សច្រើននាក់ធ្លាក់ចូលទឹកទន្លេរប្រហែល ១០ម៉ែត្រ។
រដ្ឋាភិបាលរដ្ឋបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្ស ១៥២នាក់ត្រូវបានធូស្រាល និងបានចេញពីមន្ទីរពេទ្យ ខណៈ ១៧នាក់កំពុងនៅទទួលការព្យាបាល។ នគរបាលឥណ្ឌាបានចាប់ខ្លួនមនុស្ស ៩នាក់កាលពីថ្ងៃចន្ទដោយចោទប្រកាន់ពីបទមនុស្សឃាត។ អ្នកដែលត្រូវបានចាប់ខ្លួននោះ រួមមានអ្នកលក់សំបុត្រដែលត្រូវបានចោទប្រកាន់ថា បានអនុញ្ញាតឱ្យមនុស្សច្រើនហួសហេតុឡើងលើស្ពាន និងអ្នកម៉ៅការដែលទទួលបន្ទុកជួសជុលស្ពាន៕
អត្ថបទ៖ ប៊ុនថន